ក្រសួងការងារ អំពាវនាវសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២០ឱ្យបានមុនឆ្នាំ២០១៩ជាកំហិត

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយដែលមានសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២០ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ជាកំហិត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២០ បានបញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយដែលមានសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២០ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត។
ប្រភពបន្ដថា ចំពោះការខកខានមិនបានស្នើសុំការអនុញ្ញាត និងប្រើប្រាស់ហត្ថពលកម្មបរទេសដោយខុសច្បាប់ ក្រសួងនឹងចាត់វិធានការផាកពិន័យតាមទោសប្បញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្តីពីការងារ។
ប្រភពដដែល បញ្ជាក់ថា ការសំរេចពន្យាពេលដល់ចុងឆ្នាំ២០១៩នេះ ព្រោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន មួយចំនួននៅមានភាពយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២០។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់នឹងចូលរួមអនុវត្តទាំងអស់គ្នា៕