រដ្ឋបាលភ្នំពេញប្រកាសបញ្ចៀសចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីបុណ្យ ព្រះសព សម្តេចរាជបុត្រីព្រះ នរោត្តម បុប្ផាទេវី

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីបញ្ចៀសចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីបុណ្យ ព្រះសព សម្តេចរាជបុត្រីព្រះ នរោត្តម បុប្ផាទេវី ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំក្បួនដង្ហែសាកល្បងនៃសព សម្តេចរាជបុត្រីព្រះ នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ខណៈក្បួនដង្ហែជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅវេលាម៉ោង៦ព្រឹក ក្នុងថ្ងៃ២៥ ខែវិច្ឆិកា។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរនឹងរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈនៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីព្រះសពដែលចេញដំណើរពីវត្តបទុមវតី តាមវិថីឧកញ៉ា ស៊ូ ស្រុន ទៅកាន់មហាវិថីព្រះសុរាម្រឹត ដល់មហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ មហាវិថីសម្តេចសុធារស រួចឆ្ពោះទៅទីតាំងប្រារព្ធពិធី។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានសុំការយោគយល់ពីប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងការបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងដែលបានហាមឃាត់បណ្តោះអាសន្ននេះ។
សូមបញ្ជាក់ថា ព្រះសព សម្តេចរាជបុត្រីព្រះ នរោត្តម បុប្ផាទេវី នឹងត្រូវធ្វើពិធីរំកិលពីសាលាព្រះធម្មសភា ឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតី ដើម្បីរំលាយព្រះសព នៅថ្ងៃទី២៥ ខែវិច្ឆិកា វេលាម៉ោង០៨និង៣០នាទីព្រឹក៕