ថវិកាជាង៨សែនដុល្លារ ត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ែន សុវុទ្ឋី

ភ្នំពេញ៖ ថវិកាជាង៨ សែនដុល្លារ ត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនមន្ទីរគន្ធបុប្ផា

ដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២១ខែវិច្ឆិកា បាននាំយកថវិកាចំនួន ៨៣៦ ១៣៨ ដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការទ្រទ្រុងរាល់ចំណាយប្រចាំថ្ងៃរបស់មន្ទីរពេទ្យសម្រាប់កុមារកម្ពុជាមួយនេះ។

ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់សង្គ្រោះទារក និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅចូលរួមបន្តការលើកកម្ពស់សុខុមាលភាព និងផ្តល់នូវស្នាមញញឹមដល់កុមារកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ទោះបីមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏មូលនិធិនេះ មិនជំនួសឱ្យមូលនិធិគន្ធបុប្ផាប្រទេសស្វីសដែលបានបង្កើតឡើងដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតBEAT RICHNER នោះឡើយ ពោលគឺមូលនិធិទាំងពីរនេះ នឹងដំណើរការទន្ទឹមគ្នាប្រកបដោយកិច្ចសហការ និងមានភាពស៊ីចង្វាក់គ្នាក្នុងការបើកផ្តល់ការឧបត្ថម្ភចំពោះកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងមូល។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៨ដើម្បីកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានាសម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕