អភិបាលខេត្តបន្ទាយមានជ័យលើកឡើងថា បរិស្ថានស្អាត គឺផ្តើមចេញពីការចូល​រួមរបស់យើងទាំងអស់គ្នា

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ដើម្បីបរិស្ថាន ស្អាតនោះ​ គឺផ្តើមចេញពីឆន្ទៈស្មារតីភ្ញាក់រលឹកការចូលរួមរបស់យើងទាំងអស់គ្នា។

ការថ្លែងបែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ១១រោច ខែ​​កត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងទិវាអនា ម័យ​បរិស្ថានជាតិ២៣ វិច្ឆិកា ក្រោមប្រធានបទ (ភូមិស្អាត សុខភាពល្អ) ដែលអាជ្ញាធរខេត្តរួម មន្ទីរពាក់​ព័ន្ធបានរៀបចំធ្វើឡើងនៅអនុវិទ្យាល័យទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យដោយ​មានអ្នកចូលរួមយ៉ាងច្រើនកុះករ ក្នុងគោលបំណងធ្វើឱ្យកាន់តែមានការយល់ដឹង បន្ថែមទៀតពីបរិស្ថានស្អាត ភូមិស្អាត សុខភាពល្អ សម្រាប់ការរស់​នៅ។

ថ្លែងក្នុងទិវានេះ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការ​ប្រារព្ធទិវាអនាម័យបរិស្ថាននេះឡើងក្នុងគោលបំណងបំផុសស្មារតី នៃការចូលរួមទាំងអស់គ្នា​បណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថាន ធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាមពាសវាល ពាសកាលបណ្តុះគំនិតស្មារតីឱ្យមហាជនទូទៅមានការយល់ដឹង និងការទុកដាក់សំរាមឱ្យ បានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភណភាពអនាម័យផាសុខភាពជាកន្លែងដែលចង់រស់នៅ ទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង ដែរ។

​ឯកឧត្តមបានថ្លែងទៀតថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងខ្លាំង ទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគជាមួយសុខសន្តិភាពសុវត្ថិភាពល្អប្រសើរ។ រាជ​រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គហាសេនាបតី តេជោហ៊ុនសែន ​បានគិតគូរខ្ពស់ លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឱ្យមាន ផលប៉ះពាល់ ដល់បរិស្ថាន ​រាល់គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើ​ការផ្គត់ ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ​ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ។

​ គោលនយោបាយ​យុទ្ធសាស្ត្រនិងបទបញ្ជាសំខាន់ៗលើការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចការពារបរិស្ថានមានជាអាទិ៍យុទ្ធសាស្ត្រគ្រប់គ្រងព្រៃឈើ ទប់ស្កាត់ការកាប់រានព្រៃឈើ ការបំផុសឱ្យគ្រប់ស្ថាប័នរដ្ឋនិងឯកជនចូលរួមការពារថែរក្សា និងដាំស្តារឡើងវិញនូវផ្ទៃដីរេច​រឹលការពារប្រភពទឹកធម្មជាតិទាំងអស់ និងខិតខំកាត់បន្ថយការបំពុលទឹកដី ខ្យល់ការគ្រប់គ្រង សំណល់រឹង សំណល់រាវ ប្រកបដោយគ្រោះថ្នាក់ ដើម្បីរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ ឱ្យមាននិរន្តរភាព ដែលជាប្រយោជន៍ យូរអង្វែង សម្រាប់មនុស្សគ្រប់សញ្ជាតិនិងគ្រប់ជំនាន់។​​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវឱ្យបងប្អូន ជនរួម ជាតិយើង ទោះជាប្រជាពលរដ្ឋក្តី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ព្រះសង្ឃ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមសមត្ថភាព លទ្ធភាព និងភារកិច្ច ជំនាញរបស់ខ្លួន។ សូមឈ្វេងយល់អំពីបញ្ហាបរិស្ថានឱ្យបាន ស៊ីជម្រៅនិងចូលរួម ក្នុងការងារ បរិស្ថានទាំងអស់គ្នា សូមការយល់ដឹងប្រកបដោយវិចារណញ្ញាណ និងមនសិការខ្ពស់ឈប់ បំផ្លាញបរិស្ថាន ទោះដោយចេតនាក្តី ឬអចេតនាក្តី ក្នុងក្តីរំពឹង របស់អ្នកជំនាន់ក្រោយរស់នៅ ដោយផាសុកភាព សម្បូររុងរឿង និងសុភមង្គល​ ហើយត្រូវចូលរួមបន្ត សម្អាតអនាម័យ បរិស្ថានឱ្យបានរៀងរាល់ថ្ងៃ​ដូចថ្ងៃទិវាបរិស្ថានជាតិនេះដែរ​៕

ដោយ ឈុន សារ៉ាត