ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េផ្ដល់ការវះកាត់ភ្នែកដល់ពលរដ្ឋក្រីក្រនៅកម្ពុជាដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២២ ១១ ២០១៩៖

 ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ បានសេវាវះកាត់ភ្នែកដល់ពលរដ្ឋក្រីក្រនៅកម្ពុជាដោយឥតគិតថ្លៃ ដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលនៃបញ្ហាភ្នែក និងគំហើញ ជាពិសេសជំងឺភ្នែកឡើងបាយ និងភ្នែកស្រលៀង។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្រោយពីមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនពុំសូវមានធនធានផ្នែកហិរញ្ញវត្ថុ ក្នុងការទៅរកសេវាកម្មពិនិត្យ និងព្យាបាលជំងឺភ្នែកប្រកបដោយគុណភាព និងសុវត្ថិភាព។
សូមបញ្ជាក់ថា ការផ្តល់សេវាវះកាត់ភ្នែក និងព្យាបាលភ្នែក សម្រាប់ប្រជាជនកម្ពុជាពុំមានលទ្ធភាពបង់ថ្លៃសេវាកម្មនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយអង្គការមូលនិធិចក្ខុខ្មែរ និងធនាគារភ្នំពេញពាណិជ្ជ( PPC Bank) និងធនាគារ JB របស់ប្រទេសកូរ៉េ។ ការផ្តល់នេះ ធ្វើឡើងពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមទីតាំងផ្សេងៗគ្នា រួមមាន៖ រាជធានីភ្នំពេញមាននៅក្នុងសាកលវិទ្យាវិទ្យាល័យពុទ្ធសាស្ត្រ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពត។
លោក Shin Chang Moo ប្រធានធនាគារ PPC Bank បានបង្ហាញមោទនភាពចំពោះដែល បានជួយដល់ប្រជាជនក្រីក្រនៅកម្ពុជាមានឱកាសទទួលបានសេវាកម្មថែទាំ និងព្យាបាលភ្នែកក្នុងសេវាកម្មល្អបែបនេះ។ លោក មានប្រសាសន៍ថា ការជួយដល់ប្រជាជនកម្ពុជាដែលពុំមានលទ្ធភាពព្យាបាលជំងឺភ្នែកឡើងបាយ ដុំពកក្នុងកែវភ្នែក និងភ្នែកស្រលៀង ជាដើមនេះ គឺមិនត្រឹមតែបានរួមចំណែកធ្វើឲ្យអ្នកជំងឺទទួលបានភ្នែកមើលភ្លឺច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគាត់ឲ្យទទួលបានគុណតម្លៃ និងសេចក្ដីថ្លៃថ្នូរមកវិញផងដែរ។
យោងតាមរបាយការណ៍នៃកម្មវិធីគំហើញក្នុងឆ្នាំ២០១៨កន្លងទៅ បានបង្ហាញថា មានអ្នកជំងឺកម្ពុជាជាង៤០០នាក់ បានទទួលការត្រួតពិនិត្យបែបវេជ្ជសាស្រ្ត និងអ្នកជំងឺចំនួន៨៤នាក់ ទទួលបានការវះកាត់ភ្នែក ប្រកបដោយដោយភាពជោគជ័យ។
បើតាមគ្រូពេទ្យឯកទេសភ្នែកនៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ជំងឺភ្នែកទាមទារឲ្យមានការថែទាំ និងព្យាបាលឲ្យទាន់ពេលវេលា ដោយសារតែភាពយឺត យ៉ាវអាចនាំឲ្យភ្នែកឈានទៅរកភាពពិការបាន។
ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកនេះ ក៏បានណែនាំឲ្យប្រជាពលរដ្ឋគ្រប់វ័យថែរក្សាសុខភាពភ្នែកឲ្យបានល្អ តាមរយៈទទួលទានអាហារមានជីវជាតិជំនួយដល់កែវភ្នែក ការប្រើប្រាស់ថ្នាំព្យាបាលភ្នែកឲ្យបានត្រឹមត្រូវ ការកាត់បន្ថយពេលវេលាសម្លឹងមើលទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ក៏ដូចជាការពារភ្នែកមិនឲ្យប៉ះទង្គិចនឹងវត្ថុរឹង និងប៉ះពាល់ដោយភាពកខ្វក់ ព្រមទាំងចៀសវាងពីការហុយធូលី ផ្សែង ជាដើម៕