ពលរដ្ឋចំនួន៥៥៩គ្រួសារនៅស្រុកប្រាសាទបល្ល័ង្ក ទទួលគ្រាប់ពូជសណ្ដែកបាយ និងកូនស្វាយចន្ទី សម្រាប់ធ្វើការដាំដុះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ១១ ២០១៩ ៖

អាជ្ញាធរខេត្តកំពង់ធំ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៥៥៩គ្រួសារនៅស្រុកប្រាសាទបល្ល័ង្ក ទទួលគ្រាប់ពូជសណ្ដែកបាយ និងកូនស្វាយចន្ទី សម្រាប់ធ្វើការដាំដុះ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក្រោយទទួលបានដីសម្បទានសង្គមកិច្ច។
ថ្លែងប្រាប់ប្រាប់វិទ្យុជាតិកម្ពុជា ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា គ្រាប់ពូជដែលបានផ្តល់ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ ហៅកាត់ថា LASED II នេះ មានគ្រាប់ពូជសណ្ដែកបាយ១១,០៥០គីឡូក្រាម និងពូជកូនស្វាយចន្ទី ៨៩,៧០០ដើម។
ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់នូវគ្រាប់ពូជទាំងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល មានលទ្ធភាពដាំដុះ និងបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
« និយាយជារួមសូមជំរាបថា ការចែកសណ្ដែកបាយ និងពូជកូនស្វាយចន្ទីដល់បងប្អូនសម្បទាននិកជាង៥០០គ្រួសារនេះ គឺស្ថិតនៅក្នុងគ្រោងការបែងចែកដីសម្បាទានសង្គមកិច្ចកាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់គម្រោងសហជីព ដែលហៅថាគម្រោងLASED II ។ ចឹងអត់មានបំណងអីឲ្យបងប្អូន យើងប្រគល់ទាំងដីលំនៅឋាន ដីកសិកម្ម បងប្អូនយកទៅដាំដុះបង្កបង្កើនផល តាមផ្ទៃដីដែលគាត់បានទទួល ហើយអាចដោះស្រាយជីវភាពបងប្អូនថ្ងៃក្រោយបងប្អូននិងមានជីវភាពធូរ ធារ »។
ឯកឧត្តម បានបន្តថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ នេះ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែកដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច ។
សូមបញ្ជាក់ថា ការអនុវត្តគម្រោងទី២នៃកម្មវិធីបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្កនេះ ធ្វើឡើងក្រោយពីសម្រេចបានជោគជ័យនូវគម្រោង បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី១ ក្នុងស្រុកសន្ទុក ៕