មន្ត្រីរាជការស៊ីវិលសម្ដែងការរីករាយ ក្រោយរាជរដ្ឋាភិបាលប្រកាសអាយុចូលនិវត្តន៍ដល់ ៦០ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី ២២ វិច្ឆិកា ២០១៩៖

មន្ត្រីរាជការស៊ីវិលសម្ដែងការរីករាយ ក្រោយរាជរដ្ឋាភិបាលប្រកាសអាយុចូលនិវត្តន៍ដល់៦០ឆ្នាំ ដើម្បីធានាឲ្យមានសមធម៌ ការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់មន្ត្រីរាជការស៊ីវិល ខណៈកន្លងមកសម្រាប់មន្ត្រីរាជការស៊ីវិលប្រភេទក្របខណ្ឌ ខ និង គ ត្រូវបានដាក់ឲ្យចូលនិវត្តន៍នៅត្រឹមអាយុ៥៥ឆ្នាំ។

លោកស្រី ទេព សុជាតិ មន្រ្តីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានអរគុណដល់រាជរដ្ឋាភិបាល ដែលរំកិលអាយុចូលនិវត្តន៍ដល់អាយុ៦០ឆ្នាំ សម្រាប់មន្ត្រីរាជការស៊ីវិល ខណៈរូបលោកស្រីផ្ទាល់គ្រោងចូលនិវត្តន៍ត្រឹមអាយុ៥៥ឆ្នាំ។
សំឡេង៖ «រាជរដ្ឋាភិបាលគាត់ថា ឲ្យមន្ត្រីរាជការដល់អាយុ៦០បានចូលនិវត្តន៍ ចឹងសប្បាយរីករាយណាស់ បានគាត់ឲ្យដល់៦០ មានអីថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រីឲ្យកូនចៅដល់ ៦០ ហ្នឹងវាអស្ចារ្យហើយ អរគុណដល់គាត់ច្រើន»។
ដូចគ្នានេះ លោក មាស តុលា ជាមន្ដ្រីនគរបាលជាតិ ក៏បានគាំទ្រដល់រាជរដ្ឋាភិបាលចំពោះការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរាជការ ដែលស្ថិតក្នុងប្រភេទក្របខណ្ឌ ខ និង គ ឲ្យដូចជាមន្ត្រីរាជការក្នុងប្រភេទក្របខណ្ឌ ក ។
សំឡេង៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានឲ្យមន្រ្ដីរាជការចូលនិវត្តន៍ដល់អាយុ៦០ ហើយខ្ញុំអរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរដល់កូនចៅ»។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមុខងារសាធារណៈ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិលដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាស្ថិតក្នុងប្រភេទក្របខណ្ឌណាមួយក៏ដោយ ត្រូវបម្រើការងាររហូតដល់អាយុ៦០ឆ្នាំ ទើបរៀបចំដាក់ឲ្យចូលនិវត្តន៍តាមនីតិវិធីជាធរមាន។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ក្រសួងមុខងារសាធារណៈ នឹងរក្សាទុកមន្ត្រីរាជការស៊ីវិលដែលមានប្រភេទក្របខណ្ឌ ខ និង គ ឲ្យបម្រើការងារបន្តទៀតរហូតដល់អាយុ៦០ឆ្នាំ។ ជាមួយគ្នានេះ សម្រាប់មន្ត្រីរាជការស៊ីវិលប្រភេទក្របខណ្ឌ ខ និង គ ដែលបានរៀបចំដាក់ឲ្យចូលនិវត្តន៍ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ហើយទទួលបានការផ្តល់ជូនប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់មុនពេលចូលនិវត្តន៍ចំនួន៨ខែ នៃបៀវត្សមូលដ្ឋានចុងក្រោយរួចរាល់ហើយនោះ ក្រសួងស្នើឲ្យសាមីខ្លួនបង្វែរថវិកា ទាំងនោះចូលថវិការដ្ឋវិញ និងនៅបន្តបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួនរហូតដល់អាយុ៦០ឆ្នាំ៕