កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងសិង្ហបុរីចូលជាធរមានជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA ) រវាងសហភាពអឺរ៉ុប ( EU ) និងសិង្ហបុរី បានចូលជាធរមានជាផ្លូវការហើយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងដំបូងបង្អស់រវាងសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដកពន្ធគយស្ទើរតែទាំងអស់រវាងភាគីទាំងពីរ។

ការកាត់បន្ថយពន្ធគយ និងរបាំងមិនគិតពន្ធក្រោមកិច្ចព្រមព្រៀងនេះ បានផ្តល់ឱ្យក្រុមហ៊ុនសិង្ហបុរីនូវការចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏មានច្បាប់ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការការពារសិទ្ធិការងារ និងបរិស្ថានផងដែរ។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មទំនិញធំជាងគេលំដាប់ទី ៣ របស់សិង្ហបុរី រីឯសិង្ហបុរី វិញ គឺជាដៃគូពាណិជ្ជកម្មទំនិញធំជាងគេរបស់សហភាពអឺរ៉ុបក្នុងអាស៊ាន។

ពាណិជ្ជកម្មទ្វេភាគីលើទំនិញបានកើនលើសពី ១១៤ប៊ីលានដុល្លារសិង្ហបុរី (ប្រហែល ៨៣,៧ប៊ីលានដុល្លារអាម៉េរិក) កាលពីឆ្នាំមុន ដែលក្នុងនោះ ៤៩ប៊ីលានដុល្លារសិង្ហបុរី គឺជាការនាំចេញពីប្រទេសសិង្ហបុរី។

សហភាពអឺរ៉ុបក៏ជាដៃគូពាណិជ្ជកម្មសេវាកម្មធំជាងគេរបស់សិង្ហបុរីផងដែរ។ ពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យសេវាកម្មក្នុងឆ្នាំ ២០១៧ បានកើនលើសពី ៧៩ប៊ីលានដុល្លារសិង្ហបុរី។

គិតត្រឹមខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុនអឺរ៉ុបប្រមាណ ១៤.០០០ក្រុមហ៊ុនបានវិនិយោគនៅក្នុងប្រទេសសិង្ហបុរី ហើយសិង្ហបុរីក៏ជាទិសដៅវិនិយោគធំបំផុតរបស់សហភាពអឺរ៉ុបនៅអាស៊ាន និងជាប្រទេសធំលំដាប់ទី ២ នៅអាស៊ី។

ក្នុងឆ្នាំ ២០១៧ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជាង ៣៧៦ប៊ីលានដុល្លារសិង្ហបុរីនៅក្នុងប្រទេសសិង្ហបុរី ខណៈដែលប្រទេសសិង្ហបូរីបានដាក់ទុនវិនិយោគប្រមាណ ១២២ប៊ីលានដុល្លារសិង្ហបុរីនៅក្នុងសហភាពអឺរ៉ុប ដែលធ្វើឱ្យប្រទេសនេះក្លាយជាវិនិយោគិនបរទេសធំជាងគេលំដាប់ទី ៧ របស់សហភាពនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)