លោក មូន ចង់ឱ្យមេដឹកនាំកូរ៉េខាងជើងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីបង្កើតការគាំទ្រអន្តរជាតិសម្រាប់សន្តិភាព

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានសម្តែងការសោកស្តាយដែលកូរ៉េខាងជើងបានបដិសេធការអញ្ជើញមេដឹកនាំ លោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខ ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយបាននិយាយថា លោក មូន ចង់បានឱកាសរួមគ្នាដើម្បីបង្កើនការគាំទ្រពីអន្តរជាតិដល់ដំណើរការសន្តិភាពនៅកូរ៉េ។

លោក Cheong Wa Dae បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងព្យុងយ៉ាងនៅប៉ុន្មានម៉ោងមុននេះថា លោក គីម បានសម្រេចចិត្តមិនចូលរួមព្រឹត្តិការណ៍នៅប៊ូសាន ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយនោះទេ។

យោងតាមលោកស្រី Ko Min-jung  អ្នកនាំពាក្យរបស់លោក Cheong Wa Dae បានឱ្យដឹងថា លោក មូន បានផ្ញើលិខិតមួយច្បាប់ទៅលោក គីម កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់លោក ចំពោះមរណភាពរបស់ម្ដាយលោក។

នៅក្នុងលិខិតនោះ លោក មូន បាននិយាយថា ការចូលរួមរបស់លោក គីម នៅក្នុងកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង – អាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទខាងមុខនេះ នឹងជួយក្នុងការផ្សព្វផ្សាយកិច្ចប្រឹងប្រែងសន្តិភាពអន្តរកូរ៉េ។

លោកស្រី Ko បាននិយាយថា ទស្សនៈរបស់លោក មូន នៅតែមិនផ្លាស់ប្តូរ ដែលមេដឹកនាំកូរ៉េទាំងពីរត្រូវជួបគ្នាឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន នឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនការយល់ដឹង និងការគាំទ្រជាសកល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ នឹងការបង្កើតសន្តិភាពនៅលើឧបទ្វីបនេះ។

ទោះជាយ៉ាងណា កូរ៉េខាងជើងបាននិយាយថា វាគ្មានន័យអ្វីទេសម្រាប់លោក គីម ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងប៊ូសាន សម្រាប់កិច្ចប្រជុំកំពូលមួយនេះ​ ចំពេលមានការខ្វះការជឿនលឿនក្នុងការ អនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបានរវាងលោក និងលោក Moon នៅក្នុងកិច្ចប្រជុំកន្លងមក៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)