សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ ដែលមានខ្ទង់ចំណាយជាង៨ពាន់លានដុល្លារ នឹងត្រូវរដ្ឋសភាពេញអង្គពិភាក្សា និងអនុម័តនៅសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា ៖ ២២ ១១ ២០១៩៖

សេចក្តីព្រាងស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលមានខ្ទង់ចំណាយជាង៨ពាន់លានដុល្លារ នឹងត្រូវរដ្ឋសភាពេញអង្គពិភាក្សានិងអនុម័តនៅសប្តាហ៍ក្រោយ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងខ្ទង់ចំណាយទៅតាមវិស័យដែលបានកំណត់។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចថា សម័យប្រជុំពេញអង្គនឹងបន្តនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកាសប្តាហ៍ក្រោយ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់៣ផ្សេងទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីពដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនទៅរដ្ឋសភា ដើម្បីស្នើសុំការអនុម័តយល់ព្រមក្នុងគម្រោងចំណាយសរុបជាង៣៣ទ្រីលានរៀល(៣៣.៣៣៩.៦៣៣.០០០.០០០រៀល) ឬត្រូវជាប្រមាណជាង៨.២០០លានដុល្លារអាមេរិក ដោយកើនឡើង២២,៧ភាគរយ ធៀបនឹងគម្រោងចំណាយថវិកាជាតិឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំដោយគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង និងវិភាជសម្រាប់អនុវត្តសកម្មភាពអាទិភាព ដើម្បីឆ្លើយនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ជាពិសេសការអនុវត្តឲ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាព តាមបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក៏ជាការត្រៀមខ្លួន និងពង្រឹងសមត្ថភាពទាំងខាងក្នុង និងខាងក្រៅ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញឲ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខមាលភាពជូនប្រជាជន ខណៈរដ្ឋបានយកចិត្តទុកដាក់ដល់ការរស់នៅរបស់ប្រជាជន ដោយមិនយកពន្ធលើដីស្រែកសិកម្ម និងមិនយកពន្ធលើបៀរវត្សដែលមានកម្រិតអប្បបរមា៕