រាជរដ្ឋាភិបាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការថែរក្សាទឹកទុក

វិទ្យុជាតិកម្ពុជា៖ ដោយ ធីណា ឌីណេ ២២ វិច្ឆិកា ២០១៩៖

រាជរដ្ឋាភិបាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ថែរក្សាទឹកទុក សម្រាប់ ប្រើ ប្រាស់នៅក្នុងរដូវប្រាំង ខណៈដែលកម្ពុជា ត្រូវបានព្យាករ នឹងជួបគ្រោះរាំងស្ងួត អាកាស ធាតុ ក្ដៅ ខ្លាំង។
សារាចរណែនាំ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានធ្វើការណែនាំថា ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
ជាមួយគ្នានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែល នីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹកនាពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី ក៏បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹក នៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រវរដូវប្រាំង ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី ។
សម្តេចបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ ( El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា៖ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង ហើយរដូវវស្សាមកដល់មានសភាពយឺតយ៉ាវ និងរបាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា ខណៈ របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុត ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក៕