សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។
នៅក្នុងជំនួបនេះ ឯកឧត្តម Patrick Murphy បាននាំយកនូវលិខិតចំនួន០២ ច្បាប់របស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលិខិតទី០១ ស្ដីអំពីទំនាក់ទំនងនិងសហ ប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើអោយកាន់តែប្រសើរឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។ ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែលចុះហត្ថ លេខាដោយឯកឧត្តមប្រធានាធិបតី Donald Trump គឺបានបញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។ ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាអោយមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និងកិច្ចសហការអោយកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញ ទៅមកកាន់តែខ្លាំង។ ចំពោះលិខិតទី ២ គឺឯកឧត្តមប្រធានាធិបតី Donald Trump គោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និងអាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ក្នងឆ្នាំ ២០២០ ខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតី Donald Trump ហើយ សម្តេចតេជោ បានចាត់ទុកថា ជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន។ សម្ដេចតេជោ នឹងពិភាក្សាជាមួយនឹងប្រមុខដឹកនាំប្រទេសអាស៊ានផ្សេងៗទៀតក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅបានល្អប្រសើរ។ ហើយសម្តេចគិតថា នេះជាយុទ្ធសាស្ត្រ ធ្វើអោយ អាស៊ាន-សហរដ្ឋអាមេរិក កាន់តែជិតស្និទ្ឋ បន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកកាន់តែច្រើនឡើង។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមឯក អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចូលរួមរំលែកនូវព្រះមរណទុក្ខចំពោះការយាងសោយទីវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទីវី ដែលព្រះអង្គបានចូលរួមលើកស្ទួយវិស័យវប្បធម៌ជាច្រើនរបស់ប្រទេសកម្ពុជានោះ ហើយបានយាងសោយទិវង្គតកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងទៅនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រប្រទេសកម្ពុជាតាំងពីកម្ពុជាមិន ទាន់ទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣ មកម៉្លេះ។ នេះគឺបង្ហាញពីចំណងមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាដែលមានរយៈពេលយូរលង់មកហើយ។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបាននាំយកលិខិត ២ច្បាប់របស់ឯកឧត្តមប្រធានាធិបតីDonald Trump ទាក់ទងទៅនឹងការបង្កើនទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន ២០២០ ។ សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបង្កើនមិត្តភាពល្អជាមួយសហរដ្ធអាមរិក ហើយរីករាយនឹងចូលរួមកិច្ច ប្រជុំពិសេសដែលរៀបចំដោយសហរដ្ធអា មេរិកនៅឆ្នាំក្រោយនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរ គុណដល់ឯកឧត្តមអគ្គរដ្ធទូតអាមេរិកដែលបានចូលរួមរំលែកនូវព្រះរាជមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការយាងសោយ ទិវង្គតរបស់ព្រះរៀម នរោត្តម បុប្ផាទេវី ហើយ សម្តេចតេជោ ក៏បានអរគុណដល់ឯកឧត្តមផងដែរដែលកន្លងមកបានចូល រួមក្នុងពិធីបុណ្យឯករាជ្យជាតិកម្ពុជា និងពិធីបុណ្យអុំទូកអកអំបុកកន្លងមកនេះ ហើយទន្ទឹមនឹងនោះ គឺឯកឧត្តមបានធ្វើ ការងារជាបន្តបន្ទាប់ជាមួយមន្ត្រីនៃរាជរដ្ឋា ភិបាលកម្ពុជា ដែលកន្លងមកបានជួបប្រជុំពិភាក្សាការងារជាមួយសម្ដេចពិជ័យ សេ នា ទៀ បាញ់ និងមន្ត្រីជាច្រើនទៀតចាប់ តាំងពីថ្នាក់ក្រសួងរហូតដល់ខេត្ត ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់ តែល្អជាមួយគ្នា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តមប្រធានាធិបតី Donald Trump ហើយនឹងចាត់មន្រ្តីក្រសួងការបរទេសអោយរៀបចំលិខិតឆ្លើយតបជាផ្លូវការទៅសេតវិមានវិញនៅពេលឆាប់នេះ៕