រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ គ្រប់ផ្នែកនៃផែនការសកម្មភាពរួម នៃការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញ​វ​ត្ថុសាធារណៈនៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ​ការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈបានឱ្យដឹងថា រហូតមកដល់ត្រីមាសទី៣នេះ គ្រប់ផ្នែកនៃផែនការ សកម្មភាពរួមនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសកាលពីថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសា​សន៍​ថា ក្នុងរយៈពេល ៩ ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូល ថវិការដ្ឋសរុបប្រមាណ ១៩ ១២៥ ប៊ីលានរៀល ស្មើនឹង ៩០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩ ។

ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី ៣ បង្ហាញថា ទិន្នផលចំណូល បានពីការ​ប្រមូលដោយពន្ធគយ និងរដ្ឋាករ មានប្រមាណ ៤៩ភាគរយ ពន្ធដារ  មានប្រមាណ ៣២ភាគរយ ចំណូ​លមិនមែនសារពើពន្ធ មានប្រមាណ ១២ភាគរយ និង ចំណូលផ្សេងៗប្រមាណ ៦ភាគរយ ។

រីឯការអនុវត្តចំណាយស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានតាមច្បាប់ជាធរមាន។ សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបាន រំពឹងទុកថាអាចសម្រេចបានគោលដៅប្រចាំឆ្នាំ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រមូលចំណូ​ល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សា បាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក។ ស្របពេលជាមួយគ្នានេះ កិច្ចការគន្លឹះៗមួយចំនួនទៀត ត្រូវបន្តពង្រឹងក្នុងការអនុវត្ត កសាង និងរៀបចំបញ្ចប់រួមមាន៖ ការរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់​គ្រង​ចំណូលមិនមែនសារពើពន្ធ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ផែនការសកម្មភាពលម្អិតសម្រា​ប់​​អនុវត្តន៍យុទ្ធសាស្ត្រគន្លឹះៗនានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈ ឆ្នាំ ២​០​១៩-២០២៥ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងអនុក្រឹត្យស្តីពីការគ្រប់គ្រង​​គម្រោង​​វិនិយោគ​សាធារណៈជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំ បន្ថែមលើការពង្រឹងសមត្ថភាពមន្ត្រី ដោយត្រូវគិតគូររៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការបន្តបណ្តុះបណ្តាលដែលជាក់លាក់ ប្រកបដោយគុណភាព ក៏ដូចជា បំពាក់ជំនាញច្បាស់លាស់ និង​ប្រើប្រាស់ធនធានដែលបានបណ្តុះបណ្តាល ឱ្យត្រូវតាមតួនាទី និងភារកិច្ច និងជំនាញនីមួ​យ​ៗ។

ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងត្រីមាសទី ៣ និងការខិតខំប្រឹងប្រែងអនុវត្តន៍ការងារ កែទម្រង់យ៉ាងសកម្មពីក្រសួង-ស្ថាប័ន ទាំងអស់។ ដៃគូអភិវឌ្ឍន៍ ក៏បានផ្តល់ អនុសាសន៍បន្ថែម ជាពិសេស ទៅលើប្រសិទ្ធភាពនៃការអនុវត្តចំណាយរបស់ក្រសួង-ស្ថាប័ន ការប្រើប្រាស់ប្រព័ន្ធ (Financial Management Information System – FMIS) និងពង្រឹងការផ្សព្វផ្សាយលើការត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធី។

បន្ថែមពីនេះ ដៃគូអភិវឌ្ឍន៍ នៅតែបន្តផ្តល់ការសហការល្អ និងកិច្ចគាំទ្រ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុទៅលើសកម្មភាពគន្លឹះ សំខាន់ៗរបស់ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជានេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះអ នុសាសន៍ដែលជាធាតុចូលបន្ថែមរបស់ដៃគូអភិវឌ្ឍន៍ និងបានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ កោតសរ​សើរ​ចំពោះកិច្ចខិតខំប្រឹងប្រែង និងការ យកចិត្តទុកដាក់ខ្ពស់ របស់ដៃគូអភិវឌ្ឍន៍ដែលបានចូ​ល​​រួមសហការ និងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្រសួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើស្មារតីដែលកម្ពុជា ជាម្ចាស់លើការដ្ឋានការងារកែទម្រ​ង់នេះ ដែលធាតុចូលបន្ថែមរបស់ដៃគូអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងតម្រូវ និងសភាពការជាក់ស្តែង​របស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានស្នើ និងលើកទឹ​ក​​ចិត្តឱ្យមន្រ្តីរាជការគ្រប់ក្រសួង-ស្ថាប័ន ទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការ​ងា​រ​​កែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ គង់ សិរីរ័ត្ន