ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ឲ្យរាជបណ្ឌិត្យសភា បង្កើតឲ្យមានកន្លែង សំរាប់បង្កាត់រុក្ខជាតិ និងបណ្តុះបណ្តាលជំនាញទេសចរណ៍

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 21,11,19 ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយល់ព្រមតាមសំណើរបស់រាជបណ្ឌិត្យសភា កម្ពុជា ក្នុងការឲ្យមានកន្លែងសំរាប់បង្កាត់រុក្ខជាតិ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ ។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានតម្លៃ ១លាន ៥ សែនដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំពោះសំណូមពររបស់រាជបណ្ឌិត្យសភា ដែលបានស្នើសុំឲ្យមានការរៀបចំ កន្លែងសំរាប់បង្កាត់រុក្ខជាតិ និងបណ្តុះបណ្តាលជំនាញទេសចរណ៍នេះ សម្តេចយល់ព្រមតាមសំណើ ប៉ុន្តែ ធ្វើការជាមួយស្ថាប័នពាក់ពន្ធ័ ដើម្បីឲ្យការងារដំណើរការបានល្អប្រសើរ។សម្តេចតេជោ សង្ឃឹមថា ចំពោះកន្លែងសំរាប់បង្កាត់រុក្ខជាតិ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ ពេលដែលរៀបចំរួចរាល់ នឹងចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ការសិក្សាស្រាវជ្រាវ បង្កើនការយល់ដឹង ពិសេសឲ្យបញ្ញវន្តរបស់យើងបានបង្ហាញស្នាដៃសម្រាប់រួមចំណែកការអភិវឌ្ឍសង្គមជាតិ ។
ចំពោះសំនូមពរទាំង២ចំណុច ទី១ រៀបចំបន្ទប់ពិសោធន៏បំពាក់ដោយគ្រឿងបរិក្ខារ ដែលបំរើរាល់ការងារស្រាវជ្រាវ បង្កាត់ពូជរុក្ខជាតិដែលមានតំលៃប្រមាណជា ២០ម៉ឺនដុល្លារ ខ្ញុំយល់ព្រមហើយសូមឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរត្ន័ ដាក់ចូលទៅក្នុងផែនការថវិកាសំរាប់ឆ្នាំ២០២០ ទី២ ស្នើសុំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៏នៅរាជបណ្ឌិតសភា សូមគំាទ្រហើយសូមធ្វើការងារជាមួយក្រសួងទេសចរណ៏ចុះ។