ឯកឧត្ដម ឃួង ស្រេង ស្នើសុំឱ្យឯកអគ្គរាជទូតជប៉ុន នាំអ្នកវិនិយោគទុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាំអ្នកវិនិយោគជប៉ុន មកវិនិយោគ នៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យប្រទេសកមម្ពុជា ក៏ដូចជារាជធានីភ្នំពេញមានការ អភិវឌ្ឍរីកចម្រើនមួយកម្រិតថែមទៀត។

ការស្នើសុំបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មិកាមិ ម៉ាស្សាហិរូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា រាជធានីភ្នំពេញបានកើតចេញពីទីក្រុង ដែលមិនមានមនុស្សរស់នៅសោះ រហូតបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍរីកចម្រើន ហើយការអភិវឌ្ឍរីកចម្រើននេះ ក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងពេញ ទំហឹងពីប្រទេសជប៉ុនផងដែរ ពិសេសអង្គការចៃកាដែលបានជួយយ៉ាងច្រើន លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតជាដើមហើយនៅពេលដ៏ខ្លីខាងមុខនេះតាមរយៈកម្ចី ពីធានាគារADB ជប៉ុននិងកសាងស្ថានីយទឹកស្អាតដ៏ធំមួយនៅខាងជើងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ទន្ទឹមនឹងការរីកចម្រើននេះភ្នំពេញ ក៏បានលេចចេញជាបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរ ដែលបញ្ហានេះ ជប៉ុនក៏បានជួយយ៉ាងច្រើន  មានទាំងការជួយលើការសិក្សាលើបញ្ហាលំហូរចរាចរ ការផ្តល់នូវរថយន្តក្រុង និងការផ្តល់ជាបង្គោលភ្លើងស្តុបថ្មីចំនួន១០០ ដើម្បីដំឡើង ក្នុងរាជធានីភ្នំពេញ។ រីឯការកកស្ទះសំរាម និងបញ្ហាស្ទះលូជាដើម គឺយើងបានធ្វើការដោះស្រាយជាបណ្តើរៗ។ មកដល់ពេលនេះជប៉ុនតាម រយៈអង្គការចៃកាបាន និងកំពុងអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ចំពោះបញ្ហាសំរាមអនុវត្តន៍តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២០ខាងមុខនេះ នឹងមានក្រុមហ៊ុនជាច្រើន ចូលរួមដេញថ្លៃលើសេវា ប្រមូលសំរាម នេះហើយយើងនឹងជ្រើសរើសក្រុមហ៊ុន យ៉ាងតិច៣ក្រុម ហ៊ុនដើម្បីប្រកួតប្រជែងគ្នា ក្នុងការប្រមូលសំរាមនេះ។ ឯកឧត្តមជឿងជាក់ថា នៅពេលមានការ ប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមបែបនេះនោះ នឹងធ្វើឱ្យការគ្រប់គ្រង និងការប្រមូលសំរាមនឹងកាន់តែល្អប្រសើរជាងមុន។

ឯកឧត្ដម មិកាមិ ម៉ាស្សាហិរូ  បានមានប្រសាសន៍ថា គោលបំណង នៃជំនួបពិភាក្សា ជួបសម្តែងការគួរសមនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការគ្រប់គ្រងសំណល់នៅក្នុងរាជ ធានីភ្នំពេញការទាញយកថាមពល ពីសំណល់(Waste Energy) និងពិភាក្សាលើបញ្ហាលំហូរ ចរាចរក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឯកអគ្គរាជទូតក៏បានសម្តែងការកោតសរសើរ យ៉ាងខ្លាំងចំពោះការ អភិវឌ្ឍខ្លួនបានយ៉ាងលឿន ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិស័យសំណង់ហេដ្ឋារចនា សម្ព័ន្ធអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្ដមបញ្ជាក់ថា ការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញជារឿងមួយ ដែលឯកឧត្តម បានចាប់អារម្មណ៍ខ្លាំង ដោយនៅពេលខាងមុខនេះជប៉ុននឹងជួយលើបញ្ហានេះតាមរយៈជួយ ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យបានយល់ពីការទុកដាក់ និងផលប៉ះពាល់ពីបញ្ហា សំរាមនេះ។

ក្នុងឱកាសនេះ ឯកឧត្ដមសន្យាថានឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកធ្វើការ វិនិយោគលើបញ្ហាការគ្រប់គ្រង និងប្រមូលសំរាមក្នុងរាជធានីភ្នំពេញនេះផងដែរ៕

ដោយ សួស  សំរិត