រាជរដ្ឋាភិបាលកម្ពុជាមិនមានការព្រួយបារម្ភទៅលើការបង់ពន្ធទំនិញនាំចេញទៅអឺរ៉ុប

វិទ្យុជាតិកម្ពុជា​៖​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរដោយមិនមានការព្រួយបារម្ភទៅលើការបង់ពន្ធទំនិញ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះឡើយ។
ថ្លែងក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សហភាពអឺរ៉ុបនៅតែជាទីផ្សារសម្រាប់ការនាំចេញទំនិញពីកម្ពុជា បើទោះបីជាទីផ្សារដ៏ធំមួយនេះ គំរាមពីការបិទភាពអនុគ្រោះពន្ធក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា បណ្តាប្រទេសអឺរ៉ុប នៅតែជាទីផ្សារ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។
សំឡេង៖ «រឿងប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញគាត់លក់អង្ករមិនដាច់ គាត់ប្រឆាំងនឹងអង្ករប្រទេសកម្ពុជាយើង។ គាត់លក់អង្ករមិនដាច់ ចឹងគាត់ឲ្យយើងវាយពន្ធលើអង្កររបស់ប្រទេសយើង និងធ្វើឲ្យមានការផ្អាក ការនាំចេញអង្ករ ពីកម្ពុជាទៅកាន់អឺរ៉ុប។ ផ្ទុយទៅវិញក្នុង២៨ប្រទេស អង្ករប្រទេសកម្ពុជា នាំចូលទៅអឺរ៉ុប បាន២៣ប្រទេស ដដែល។ ចឹងមិនទាន់បង់ពន្ធ ក៏នាំទៅបាន ដល់ពេលគេឲ្យបង់ពន្ធក៏នាំទៅបាន ខាងមុខនេះក៏ដូចគ្នាដែរ ។ បើគេដក EBA ឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ អាហ្នឹងកំពុងតែបាត់ដដែលនោះ។ បើគេអនុគ្រោះលើយើងហើយ បាត់ទីផ្សារ និងបាត់ EBA ខុសគ្នា។ EBAថ្ងៃណាមួយគង់តែបាត់ទេ នៅពេលសេដ្ឋកិច្ចយើងកើនឡើង នៅអាស៊ាន១០ គេឲ្យតែ៣ប្រទេសទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ហើយ មីយ៉ាន់ម៉ា ក៏គេគំរាមដែរ សម្រាប់ប្រទេសយើងក៏បានតៀមខ្លួនតាំងពីខែមីនាកន្លងទៅ។ យើងមិនចង់ឲ្យបាត់ទេ ប៉ុន្តែធ្វើម៉េច បើគាត់យកអាហ្នឹងមកដោះដូរជាមួយច្បាប់ និងឯករាជ្យរបស់ប្រទេសយើងហើយ យើងក៏មិនអាចទទួលយកបានដែរ។ បើគេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ គ្រាន់ពីមុនគេចំណេញច្រើន ឥឡូវចំណេញតិច ប៉ុន្តែវានៅតែចំណេញ ហើយក៏ថ្លៃថ្នូរដែរ។ គេយកអាហ្នឹងមកគំរាមយើងមិនបានទៀតទេ!។»