រដ្ឋលេខាធិការ ក្រសួង អប់រំ អំពាវនាវសុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន អេដស៍ និងសុវត្ថិភាពចរាចរណ៍ ដើម្បីអនាគតយើងទាំងអស់គ្នា

វិទ្យុជាតិកម្ពុជា៖

រដ្ឋលេខាធិការ  ក្រសួង អប់រំ យុវជន  និងកីឡា  អំពាវនាវសុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន  អេដស៍  និងសុវត្ថិភាពចរាចរណ៍ ដើម្បីអនាគតយើងទាំងអស់គ្នា។

ក្នុងវគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបន្ទាយមានជ័យ នៅថ្ងៃ ទី២១  ខែវិច្ឆិកា  ឆ្នាំ ២០១៩  ឯកឧត្តម    សុខា  រដ្ឋលេខាធិការ ក្រសួង អប់រំ  យុវជន  និងកីឡាបានលើកជាសំណូមពរសំខាន់ៗចំនូន៥ ក្នុងនោះមានដូចជា៖

១. មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ពិនិត្យលទ្ធភាពរៀបចំចងក្រងយន្តការគ្រប់គ្រង ព័ត៌មានទាន់ហេតុការណ៍ និងរបាយការណ៍ទាន់ពេលវេលា នៅគ្រប់កម្រិតរដ្ឋបាលគ្រប់គ្រង រួមមាន ក្រុមការងារនៅថ្នាក់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត  ក្រុមការងារនៅតាមការិយាល័យអប់រំ យុវជន និងកីឡា ក្រុង/ស្រុក និងក្រុមការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។

 ២. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពង្រឹងចលនាក្រុមប្រឹក្សាកុមារ/យុវជន ជាចលករសម្រាប់ការងារផ្សព្វផ្សាយ អប់រំបន្តនៅក្នុងក្រុម គ្រឹះស្ថានសិក្សា និងតាមសហគមន៍ ពីគ្រោះថ្នាក់បង្ករដោយការប្រើប្រាស់គ្រឿងញៀន និងការអប់រំពីការគោរពច្បាប់ចរាចរណ៍។

 ៣.ជំរុញនិងលើកកម្ពស់ចលនាអប់រំកាយជាប្រចាំ និងកីឡាសិស្ស/យុវជន ដោយមិនទុកអ្នកណាម្នាក់នៅក្រោយ ដើម្បីការអភិវឌ្ឍវិន័យ និងសុខភាពល្អ។

 ៤. ពង្រឹងការត្រួតពិនិត្យជាប្រចាំការលើកកម្ពស់បរិស្ថានល្អនៅតាមគ្រឹះស្ថានសិក្សា ថ្នាក់រៀន និងធានាឱ្យបានបំរាមលក់ដូរ និងនាំចូលចំណីអាហារដែលបង្ករបញ្ហាដល់សុខភាពកុមារ/យុវជន។

និងទី៥. ជំរុញបន្តការចូលរួមគ្រប់គ្រឹះស្ថានសិក្សាឱ្យមានភាពគគ្រឹកគគ្រេង ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ ខែមិថុនា និងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោក  លី  សារី  អភិបាលរងនិងជា តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា  ទោះបីខេត្តបន្ទាយមានជ័យ  មិនជាទីតាំងផលិត  ដាំដុះ  ចរាចរណ៍ គ្រឿងញៀនក័ដោយ  តែជាខេត្តទទួលរងគ្រោះដោយសារ ការលាក់លួចចែកចាយនិងប្រើប្រាស់ដែលទាមទារអោយសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ខិតខំបង្ការ  បង្រ្កាប  បទល្មើសគ្រឿងញៀននិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ 

ឧត្ដមសេនីយ៍ ទោ  លឹម  តុងហួត  ប្រធាននាយកដ្ឋាននីតិកម្ម  អប់រំ  និងស្តារនីតិសម្បទា  អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានមានប្រសាសន៍ថា  កាប្រើគ្រឿងញៀនគឺបំពានច្បាប់  សម្លាប់គ្រួសារ  ប្រហារសហគមន៍  ការចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា  ការស្វែងយល់ដឹងច្បាស់ពីបញ្ហាគ្រឿងញៀន ជួយផ្សព្វផ្សាយបន្តទៅមិត្តភក្តិនិងមនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀនពិតជាអាចជួយពួកគេកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃគ្រឿងញៀន  កាត់បន្ថយបានអំពើហិង្សា  និងឧក្រិដ្ឋកម្ម  សហគមន៍មានសុវត្ថិភាព។