ការប្រកួតជើងឯកកីឡាបាល់បោះជិះរទេះជនពិការឆ្នាំ២០១៩ បញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ការប្រកួតជើងឯកកីឡាបាល់បោះជិះរទេះជនពិការ ប្រចាំឆ្នាំ២០១៩ នៅកីឡដ្ឋាន Premium Sport club ត្រូវបានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបានរកឃើញ ក្រុមជ័យលាភីរួចរាល់ហើយនោះ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបាន​មានប្រសាសន៍ថា ការប្រកួតនេះមានជាង១០ក្រុមបានចូលរួមប្រកួតប្រជែងម្ចាស់ជើងឯក ដោយឆ្លងកាត់ការប្រកួតវិលជុំជាបន្តបន្ទាប់ រហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ឯកឧត្តម​បញ្ជាក់ជូនថា តាមរយៈការប្រកួតនេះនឹងជួយបន្ថែមបាននូវគុណភាពបច្ចេកទេសកាន់តែ ប្រសើរ ដើម្បីស្វែងរកក្រុមខ្លាំងនារីចូលរួមជើងឯកពិភពលោក នៅប្រទេសថៃ នាចុងខែវិច្ឆិនេះ ដើម្បីប្រកួតដណ្តើមកៅអីមួយ ឈានឆ្ពោះទៅចូលរួមប្រកួត អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន ឆ្នាំ២០២០ខាងមុខ។ ឯកឧត្ដមបានលើកឡើងថា ក្រុមកីឡាបាល់បោះជិះរទេះ​ជនពិការ​កម្ពុជានេះដែរ ក៏ត្រៀមចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ២០២០ ផងដែរ ខណៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុ​ជាបានត្រៀម៩​ប្រភេទកីឡាជនពិការ សម្រាប់អាស៊ានប៉ារ៉ាហ្គេមនេះ។

ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ឯកឧត្តម តែម ម៉ឺន បានវាយតម្លៃខ្ពស់ចំពោះការប្រកួតជើងឯកបាល់បោះជិះរទេះជនពិការ ប្រចាំឆ្នាំ​២០១៩ ក្រោមការរៀបចំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រកួតបង្កើន​គុណភាពបច្ចេកទេសជូនដល់កីឡាករ កីឡាការិនីពិការ ដើម្បីត្រៀមចូលរួមប្រកួត​ដណ្តើមមេ​ដាយ​ពីលើឆាកអន្តរជាតិមកជូនជាតិមាតុភូមិរបស់ខ្លួន នាពេលខាងមុខ។ ឯកឧត្តមបានលើក​ទឹកចិត្តជូនដល់កីឡាករ កីឡាការិនីពិការទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងការប្រកួត ដែលអាចធ្វើបានដូចជនមិនពិការដែរ៕

ដោយ ហេង ណាលីន