សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យស្ថាប័នពាក់ព័ន្ធ​មានការ​រឹតបន្តឹងការចេញ​សញ្ញាបត្រ​បណ្ឌិត

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​កម្ពុ​ជា បានមានប្រសាសន៍ស្នើ​ឱ្យស្ថាប័នពាក់ព័ន្ធ​មានការ​រឹតបន្តឹង​ការចេញ​សញ្ញាបត្រ​បណ្ឌិត​ ដោយ​សម្តេចបានបញ្ជាក់ថា ប្រសិនបើ​មិន​ដូច្នេះ​ទេ​ កម្ពុជានឹង​ក្លាយទៅជា​ប្រទេស​ដែលមា​​ន​បណ្ឌិត​ច្រើនជាងគេនៅលើ​ពិភពលោក បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាជន​។

ក្នុងពិធីសម្ពោធ អគារឥ​ន្ទ្រ​ទេវី របស់រាជបណ្ឌិ​ត្យ​សភា​កម្ពុ​ជា រួមទាំងការអបអរ​សា​ទរ   ​ខួ​ប​២​០​​​ឆ្នាំ នៃការបង្កើតរាជ្យបណ្ឌិត្យ​ស​ភាក​ម្ពុ​ជា និងការប្រ​គ​ល់ស​ញ្ញាបត្រ កាលពីព្រឹកថ្ងៃ  ទី២១ ខែ​វិច្ឆិ​កា ​ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ ស​ម្តេ​ចតេជោ​ ​ហ៊ុន សែន បានថ្លែងថា ​ យើង​មាន​ចំនួន​បណ្ឌិត​ច្រើន​ហួស​ ដែល​បូក​សរុបទៅ​មាន​ប​ណ្ឌិត​រ​ហូត​ជាង៦០០​នាក់ ក្នុងនោះនិស្សិត​បណ្ឌិត​បានចេញ​ហើយ​ចំនួន​១០៨ នាក់ ហើយ​កំ​ពុ​ង​ត្រៀ​ម​ចេញ​មាន​រហូត ៥៤៦​នាក់​។ សម្ដេចតេជោបានបន្ដថា ដូចនេះ​វា​នឹងធ្វើឱ្យកម្ពុ​ជាមាន​បណ្ឌិត​ច្រើនជាងគេ​នៅ​លើ​​ពិ​ភ​ពលោក​។ ​សម្តេច​តេជោបាន​លើកឡើង​ថា តើ​សាស្ត្រាចារ្យ​ម្នាក់​ណែនាំ​និស្សិត​ប៉​ន្មា​ន​នាក់​  ដោយស​​ម្តេច​បានបង្ហាញ​ពី​កង្វល់​ទី​មួយថាតើ​សាស្ត្រា​ចារ្យ​ម្នាក់​ណែនាំ​និស្សិត​ការពារ​និក្ខេបបទ​ប៉ុន្មា​ន​នាក់​ ហើយ​អ្នក​ដែល​ទទួល​ ​ណែនាំ​និស្សិត​នោះ មាន​សមត្ថភាព​កម្រិត​ណា​ដែរ​ នេះជា​ចំណុ​ច​​ត្រូវ​ឃើញ​។

​ សម្តេចតេជោ​បាន​លើក​ជា​សំណួរ​ថា ឥឡូវ​បណ្ឌិត​ម្នាក់​ត្រូវ​ទទួល​សិស្ស៩​នាក់ អីញ្ចឹង ​ប​ណ្ឌិត​ខ្លួនឯងមាន​គ្រប់​គ្រាន់​នូវលក្ខណៈសម្បត្តិដើម្បី​ទទួល​ធ្វើជា​អ្នក​ណែនាំ​និក្ខេបបទឱ្យ​គេ​ឬ​អត់។​ ចំ​ណុ​ច​​នេះ ដើម្បី​ធានា​បាន​ច្បាស់លាស់​នៅពេល​ការពារ​និក្ខេបបទ​ ​កុំមានការ​ធ្វេសប្រហែស ត្រូ​វ​មា​ន​​​ការចាត់​តាំង​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ​ ត្រូវ​បង្កើន​សមត្ថភាព​ ជាមួយគ្នានេះ ត្រូវមាន​ការ​បោះ​ឆ្នោត​​​ជា​ស​ម្ងាត់ នៅក្នុង​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ ធ្វើបែបនេះ​ ទើប​មាន​ភាព​យុ​ត្តិ​ធ​ម៌ និង​ពង្រឹង​គុណភា​ព​ ហើយ​បើ​មិន​ដូច្នេះ​ទេ ​នឹងធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេ​សមួ​យ​ដែ​ល​​មា​ន​​ចំនួន​ប​ណ្ឌិ​ត​ច្រើនជាងគេ​លើ​ពិភពលោក បើ​ប្រៀបធៀប​ជាមួយនឹង​ប្រជាជន​។​ ទន្ទឹម​នេះដែរ សម្ដេចតេជោក៏បានប្រកាស​​ផ្អាក​ការចេញ​ព្រះរាជក្រឹត្យផ្តល់​គោរមងារ ដែល​ស្នើសុំ​ដោយ​រាជ​បណ្ឌិតសភា​កម្ពុជា ផងដែរ​៕

ដោយ ជឹម ណារី