រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរពាក់ព័ន្ធ ប្ដេជ្ញាបន្ដលើកកម្ពស់លើវិស័យកាត់ដេរនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២១ ១១ ១៩៖

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរពាក់ព័ន្ធ បានប្ដេជ្ញាបន្ដលើកកម្ពស់លើវិស័យកាត់ដេរនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពការងារ និងបង្កើនប្រាក់ចំណូលជូនកម្មករ កម្មការនី ។

ឯកឧត្ដម ងុយ រិទ្ធ អុនរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងអង្គការអន្តរជាតិខាងការងារ(ILO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា គឺដើម្បីឆ្លើយតប ទៅនឹងផែនការសហប្រតិបត្តិការ និងសមាហរណកម្មរបស់គម្រោងរោងចក្រកាន់តែប្រសើរ ក្នុងបេសកកម្មលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ   និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”។  

លោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា “ការសហការគ្នារវាងរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការងារសមរម្យ សម្រាប់កម្មករ រាប់ពាន់នាក់ ជាពិសេសស្ត្រី ដើម្បីធ្វើឱ្យក្រុមគ្រួសារពួកគេ ចាកផុតពីភាពក្រីក្រ” ជាពិសេសជួយកម្មករនិយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុនផងដែរ ។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា “សមាគមរោងចក្រកាត់ដេរ នឹងបន្តធ្វើការជាមួយររោងចក្រកាន់តែប្រសើរនៅកម្ពុជា  ដើម្បីរក្សាសុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់កម្មករ ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងដែរថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរិ៍តឈ្មោះកម្ពុជាទៅជាប្រទេសដែលឈានមុខគេ ក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកទៅធ្វើបទជាពិសោធន៍សម្រាប់អនុវត្ត និងរៀនសូត្រតាម។ 

ឯកឧត្តមបញ្ជាក់ថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងអង្គការអន្តរជាតិខាងការងារ(ILO)បានចុះអនុស្សរណៈនេះ គឺជាលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត៕