អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សិស្សានុសិស្សនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ :ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ មានបេីកវគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតី ភាពលោកជំទាវសឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និងកីឡា ដោយមានការអញ្ជេីញចូលរួមពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រុមប្រឹក្សាយុវជន យុវជនកាយរិទ្ធ កាកបាទក្រហម សរុបជាង២០០នាក់។

លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានស្វាគមន៍ និងបានជម្រាបជូនពីកិច្ចខិតខំប្រឆាំងគ្រឿងញៀនតាមសាលារៀន ការចូលរួមរបស់សិស្សលេីសកម្មភាពព្យុហយាត្រា ប្រឆាំងគ្រឿងញៀន បោះជំរុំយុវជនដោយគ្មានគ្រឿងញៀននិងបញ្រ្ជាបក្នុងកម្មវិធីការងារសង្គ មនានា។

វរសេនីយ៍ ឯក ថោង សាមិ អនុប្រធាន លេខាធិការដ្ឋាន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យ មិនមានសកម្មភាព ចម្រាញ់រុក្ខជាតិ កែឆ្នៃ ផលិត គ្រឿង ញៀន និងដាំដុះកញ្ឆាឡេីយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វេីការផ្សព្វផ្សាយអប់រំ និងបង្រ្កាបសកម្មភាពការចរាចរ ចែកចាយ គ្រឿងញៀន ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្ដមសេនីយ៍ ទោ លឹម តុងហួត បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យេីងទាំងអស់គ្នាដោយមិនមែនជាបញ្ហាផ្តាច់មុខរបស់ជនណា ឬក្រុមណាមួយឡេីយ ហេីយប្អូនៗនៅទីនេះជាគឺជាធនធាន សំខាន់និងជាសកម្មជនចាំបាច់សម្រាប់ការងារប្រឆាំងគ្រឿងញៀនក្នុងគ្រួសារ និងសហគមន៍។

ក្នុងនាមឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី លោកជំទាវ បណ្ឌិត សឿ សុជាតា បានមានប្រសាសន៍ថា ក្មួយៗទាំងអស់ត្រូវតែប្រតិបត្តិខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ នាំគ្នាគាំទ្រកំចាត់គ្រឿងញៀន ខិតខំស្វែងយល់ពីបញ្ហាគ្រឿងញៀននិងចូលរួមឲ្យបានសកម្មបន្ថែមទៀតក្នុងជួយផ្សព្វផ្សាយបន្តដាស់តឿនក្រេីនរំលឹកដល់មិត្តភក្តិនិងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀនជាមួយគ្នានេះត្រូវប្រកាន់ខ្ជាប់នូវសសរស្តម្ភគ្រឹះទាំង៤ គឺរៀនដេីម្បីចេះដឹង រៀនដេីម្បីចេះធ្វេី រៀនដេីម្បីមានសីលធម៌ រៀនដេីម្បីចេះរស់នៅជាមួយគ្នា។