ធុរជនចិនវិស័យចម្រុះមកពី២៥ក្រុមហ៊ុន ស្វែងរកដៃគូវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ និងធុរជនចិនចំនួន២៥ក្រុមហ៊ុនមកពីវិស័យចម្រុះបានស្វែងរកដៃគូវិនិយោគនៅកម្ពុជាតាមរយៈ​សភាពាណិជ្ជកម្មកម្ពុជា​ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ និងបំរើផលប្រយោជន៍ទៅវិញ។

 សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំជំនួបពាណិជ្ជកម្មកម្ពុជា-ចិន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មកម្ពុជា។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម​ និងស្វែង យល់អំពីបរិយាកាសសេដ្ឋកិច្ចនិងឱកាសវិនិយោគនៃប្រទេសទាំងពីរ។

ឯកឧត្តម លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រព៌បត្តិកាខាងត្បូងខាងត្បូង និង​​ជាអតីតអនុរដ្ឋមន្ត្រីការបរទេសចិន ដែលបានដឹកនាំគណៈប្រតិភូចិនមកកម្ពុជានេះ បានមានប្រសាសន៍ថា ​គណៈប្រតិភូជាន់ខ្ពស់  និងធុរជនចិនចំនួន២៥ក្រុមហ៊ុនេះ ពួកគេមានបំណងមកវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យា អេឡិកត្រូនិក អប់រំ មេកានិច អគ្គិសនី ទេសចរណ៍ វេជ្ជសាស្ត្រ ខ្សែកាបអចលនទ្រព្យ សំណង់ និងសណ្ឋាគារជាដើម ។

លោកបញ្ជាក់ថា មូលហេតុ អ្នកវិនិយោគទុនចិនចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា  ព្រោះ ​​មានសក្តានុពលផ្នែកភូមិសាស្រ្ត  នៅក្នុងតំបន់អាស៊ាន ដីមានជីជាតិ  សប្បូធនធាន ធម្មជាតិ កក្តាសន្តិភាព ទំនាក់ទំនង​​ល្អ​រវាងកម្ពុជា និងចិនដូចដែលថ្នាក់ដឹកនាំប្រទេសទាំងពីរអនុវត្តតាំងពីអតីតកាលរហូតមកដល់ពេលបច្ចុ​ប្បន្ន។

នៅក្នុងជំនួបនោះ អ្នកឧកញ៉ា គិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានស្វាគមន៍ចំពោះដំណើទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ និងធុរកិច្ចចិនចំនួន២៥ក្រុមហ៊ុនមកពី     វិស័យចម្រុះនេះ  ដោយសន្យាជួយសម្របសម្រួល និងបង្ហាញពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅអ្នកវិនិយោគចិនដែលមកចង់ររកស៊ីនៅកម្ពុជា។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការវិនិយោគនៅកម្ពុជាពីឆ្នាំ២០១៦ដល់ខែសីហា  ឆ្នាំ២០១៩ បានឯកភាពគម្រោងចំនួន ៨១៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២២,៥ពាន់លានដុល្លារ ក្នុងនោះគម្រោង ទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគ​ចំនួនប្រមាណជាង៩ពាន់លានដុល្លា​។ ក្នុងនោះ ការ​វិនិយោគក្នុងវិស័យទេសចរណ៍មានកើនឡើងគួរឱ្យកត់សំគាល់ប្រមាណ៤៧ភាគរយ ។ ដោយ​ឡែក៨ខែ ឆ្នាំ២០១៩ ការវិនិយោគលើវិស័យទេសចរណ៍មានការ​កើន​ឡើង​យ៉ាងគំហុករហូតដល់៩៤ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨៕