រាជរដ្ឋាភិបាលកម្ពុជាគ្រោងរៀបចំបង្កើតច្បាប់ដើម្បីការពារកុមារពីការរំលោភបំពាន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ១១ ២០១៩៖

រាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំបង្កើតច្បាប់ដើម្បីការពារកុមារពីការរំលោភបំពាន និងការពារឧត្តមប្រយោជន៍ផ្សេងៗទៀតរបស់កុមារ ។
លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កំពុងគិតគូររៀបចំបង្កើតច្បាប់ស្តីពីកិច្ចការពារកុមារ ដើម្បីការពារឧត្តមប្រយោជន៍ដល់កុមារ មានជាអាទិ៍៖ ការគោរពនិងការអនុវត្តសិទ្ធិកុមារ ការរស់រានមានជីវិតរបស់កុមារ ការអភិវឌ្ឍនិងការការពារកុមារ ការលើកម្ពស់សុខុមាលកុមារ ការរួមចំណែករបស់កុមារ ការប្រឆាំងនឹងអំពើហិង្សាលើកុមារ ការទប់ស្កាត់ និងការលុបបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ ។
លោកជំទាវ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវឆ្លងការពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់ ដើម្បីឲ្យមានភាពរលូន និងការពារកុមារបានដោយប្រសិទ្ធភាព។
សំឡេង « យើងកំពុងតែគិតគូរមែនទែន រាជរដ្ឋាភិបាលនឹងឈានទៅរៀបចំច្បាប់កិច្ចការពារកុមារ ដោយសារតាមរយៈការមើលឃើញ។ បានន័យថា ធ្វើម៉េចក្នុងការឆ្លើយតបការពារឧត្តមប្រយោជន៍របស់កុមារ ទោះបីយើងមានច្បាប់គោលបាយជាច្រើនយ៉ាងណាក៏ដោយ ហើយរដ្ឋធម្មនុញ្ញ ក៏បានចែងពីសិទ្ធិមនុស្ស សិទ្ធិកុមារចូលរួមនៅក្នុងហ្នឹង ក៏ប៉ុន្តែដាច់ខាត យើងបានប្តេជ្ញាចិត្ត នឹងរៀបចំច្បាប់កិច្ចការពារកុមារមួយ ។ ពេលណាដែលយើងមាន ពិសេសច្បាប់កិច្ចការពារកុមារដោយឡែកពីរដ្ឋធម្មនុញ្ញ បានន័យថា យើងបានបង្ហាញអំពីអ្វីដែលការពារកុមារកាន់តែរឹងមាំ ហើយអ្នកដែលប្រព្រឹត្តបទល្មើសទៅលើកុមារ បានន័យថា យើងមានដាក់ពិន័យ ដាក់ទោសទៅតាមហ្នឹង ធ្វើឲ្យមនុស្សរាងចាលហើយយល់ដឹងអំពីហ្នឹង » ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ដើម្បីធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ លេងកម្សាន្ត ការការពារ ការចូលរួមផ្នែកសង្គម និងនយោបាយ៕