គេបានស្តារឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការតវ៉ាអស់ជាច្រើនថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ FARS រាយការណ៍ពីថ្ងៃពុធនេះថា គេបានស្តារឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញ ក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការតវ៉ាអស់ជាច្រើនថ្ងៃ ក្រោយពីការសម្រេចរបស់រដ្ឋាភិបាលដើម្បីកំណត់ប្រេងសាំងដែលមានការផ្តល់ប្រាក់ឧបត្ថម្ភ នឹងបង្កើនតម្លៃប្រេងសាំងនេះ​ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា សេចក្តីរាយការណ៍មកពីខេត្តផ្សេងៗបាននិយាយថា ភាពស្ងប់ស្ងាត់ត្រូវបានគេស្តារឱ្យមានឡើងវិញ បន្ទាប់ពីការតវ៉ាអស់ពេល៤ថ្ងៃ ដែលការតវ៉ាខ្លះ បានក្លាយទៅជាមានអំពើហិង្សាចាប់តាំងពីថ្ងៃសុក្រមក  ។

សេចក្តីរាយការណ៍នោះបាននិយាយថា នៅក្នុងខេត្តមួយចំនួន ដែលគេឃើញមានអំពើហិង្សាយ៉ាងធ្ងន់ធ្ងរនោះ មានតែករណីពីរបីប៉ុណ្ណោះ នៃសកម្មភាពវិច្ឆេទកម្មរបេះរបោះបានកើតឡើង ក្នុងអំឡុងពេលយប់កន្លងទៅ​  ។

គេបានដាក់ពង្រាយប៉ូលិស និងកងកម្លាំងសន្តិសុខមួយចំនួនធំនៅក្នុងផ្នែកដែលងាយរងការខូចខាតនៃទីក្រុងនិងទីប្រជុំជនដើម្បីធានា សន្តិសុខ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជន​ ។

កាលពីថ្ងៃអង្គារអ្នកនាំពាក្យតុលាការអ៊ីរ៉ង់​លោក ហ្គោល ឡាម ហូសេន អេស្មាយលី ក៏បានប្រកាសផងដែរថា គេបានស្តារឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញ ក្នុងប្រទេសនេះ ។

FARS បានដកស្រង់សម្តី លោក អេស្មាយលី ដែលនិយាយថា ដោយសារការកត់សម្គាល់របស់មេដឹកនាំនោះ កិច្ចប្រឹងប្រែងធ្វើឡើងដោយកងកម្លាំងសន្តិសុខ និងកងកម្លាំងប៉ូលិសអនុវត្តន៍ច្បាប់ ព្រមទាំងការប្រុងប្រយ័ត្នរបស់ប្រជាជនដែលបានបំបែកផ្លូវរបស់ពួកគេចេញ​ពីពួកអ្នកមានបំណងអាក្រក់ នឹងពួកអ្នកស្វែងរកឱ្យមានអំពើហិង្សានោះ គេបានស្តារឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញ ក្នុងប្រទេសនេះ ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា មនុស្សប្រហែល ១.០០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស​ ។

ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បាននិយាយពីថ្ងៃអាទិត្យថា ខ្លួនបានស្គាល់អត្តសញ្ញាណពួកកុប្បករ ដែលបានប្រើប្រាស់ការតវ៉ាខុសកាលពីពេលថ្មីៗនេះ ប្រឆាំងនឹងការឡើងថ្លៃប្រេងសាំង ដើម្បីបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជននោះ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )