សម្តេចតេជោ អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជា តម្លៃជាង ១លាន៥សែនដុល្លារ

វិទ្យុជាតិកម្ពុជា​៖ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជ បណ្ឌិត្យសភាកម្ពុជា ដែលមានតម្លៃ ១លាន ៥ សែនដុល្លារអាមេរិក ។

«អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «អគារឥន្ទ្រទេវី» ចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី ២៦ ខែសីហា​ ឆ្នាំ២០១៨ អគារនេះមានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ។

ឯកឧត្តមសុខ ទូច បានឱ្យដឹងទៀតថា អគារឥន្រ្ទទេវីមានបន្ទប់ចំនួន២៤ ដែលក្នុងនោះប្រើជាបន្ទប់ការិយាល័យ១ បន្ទប់ប្រជុំខ្នាតតូច ១ បន្ទប់ការពារនិក្ខេបបទ ១ បន្ទប់សិក្សាចំនួន១៨ បន្ទប់ Lab ចំនួន២ និងសាលសន្និសីទ(សាលសហសិក្សា)១ ។ បន្ទប់នីមួយៗមានបំពាក់សម្ភារៈសម្រាប់សិក្សារៀនសូត្រ មានជាអាទិ៍ តុសិស្ស តុគ្រូ LCD កង្ហារ ម៉ាស៊ីនត្រជាក់ និង អំពូលម៉ែត្រ ជាដើម  ដោយចំណាយថវិកាអស់ចំនួនជាង ១,៥០០,០០០ដុល្លារ។បើតាមឯកឧត្តម សុខ ទូច អគារនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គម ហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ។

ឯកឧត្តម សុខ ទូច បានអះអាងថា ការសាង សង់ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ធ្វើជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសា បរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត​ធ្វើការ វិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ចបច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ ។ ជារួម អគារនេះ នឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនស ម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ។

ក្រៅពីការសាងសង់អគារនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានសិតបដិមាព្រះនាងជាទោល តម្កល់ក្បែរអគារជាទីគោរពសក្ការៈ។ មុនឈានដល់ការសាងសង់បដិមានេះ រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតក្រុមសិក្សាស្រាវជ្រាវ និងបានរៀបចំសិក្ខាសាលាមួយ ដែលមានការចូលរួមពីអ្នកជំនាញជាតិនិងអន្តរជាតិ មកពីក្រសួងស្ថាប័នផ្សេងៗហើយបានឈានដល់ការឯកភាពគ្នាកំ ណត់សិតបដិមាព្រះនាងឥន្រ្ទទេវីជាទោល ដោយយកតាមរូបចម្លាក់នៅជាប់ជញ្ជាំងប្រាសាទព្រះ ខ័ន។ 

ឯកឧត្តម សុខ ទូច ក្រៅពីការសម្ពោធអគារដ៏មានសារៈសំខាន់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជានេះ ក៏មានប្រកាសនូវគោរមងារជូនដល់ឥស្សរ ជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិចំនួន ០៦រូបផងដែរ។ ឥស្សរជន និងបញ្ញាវន្តជាន់ខ្ពស់ទាំង៦រូបនេះ ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវ​គោរមងារកិត្តិយសនៃរាជ​បណ្ឌិត្យសភាកម្ពុជា រួមមាន៖ ១. ឯកឧត្តមឆាយ ថន ជាកិតិ្តសេដ្ឋាបណ្ឌិត, ២. លោកជំទាវ ឃួន សុដារី ជាកិតិ្តសង្គហបណ្ឌិត, ៣. ឯកឧត្តម ឌិត មន្ទី ជាកិត្តិនីតិកោសលបណ្ឌិត, ៤.ឯកឧត្តម ប៉ែន បញ្ញា ជាកិត្តិនីតិកោសលបណ្ឌិត, ៥. ឯកឧត្តម ជាម យៀប ជាបណ្ឌិតកិតិ្តសេដ្ឋាបណ្ឌិត, ៦. ឯកឧត្តម អ៉ឹម ឈុនលឹម ជាកិត្តិនីតិកោសលបណ្ឌិត។