សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិក​សមាជិការដ្ឋ​សភា គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ សមាជិកាក្រុមបប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវត្តបុទុមវតី។ នេះបើយោង​តាមការចេញផ្សាយរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គត នាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។

សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្វាយលិខិតជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គ រាជានុញ្ញាតចូលរួមមរណៈទុក្ខ ជាមួយ​សម្តេចម៉ែ ព្រះករុណា ជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងញាតិ​វង្សានុវង្ស ចំពោះការបាត់បង់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

សម្ដេចប្រធានរដ្ឋសភាបានគូសបញ្ជាក់នៅក្នុងសារលិខិតថា ការបាត់បង់ សម្ដេចរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ ដ៏ធំធេងនូវតួអង្គពហុជំនាញ ក្នុងវិស័យ​វប្បធម៌ អរិយធម៌ជាតិខ្មែរ ជាដួងព្រលឹងដ៏រឹងមាំរបស់ជាតិ ពិសេស សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាតួឯករបាំអប្សរា បានលើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាង ល្បី​ល្បាញទូទាំងសកលលោក។ សម្ដេចអគ្គមហាពញាចក្រី បានបន្តថា «ទូលព្រះបង្គំយើងខ្ញុំ សូមលំអោនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ»៕

ដោយ រិទ្ធី