រាជរដ្ឋាភិបាលជំរុញឲ្យដៃគូពាក់ព័ន្ធ សហការជួយលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖រាជរដ្ឋាភិបាល បានជំរុញឲ្យដៃគូពាក់ព័ន្ធ សហការជួយលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមចំណែកទប់ស្តាត់ការកេងប្រវញ្ចនិងរំលាភបំពានលើកុមារ ។   

ថ្លែងក្នុងវេទិកាពិភាក្សថ្នាក់ជាតិស្តីពីខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលធ្វើឡើងនៅ ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី២០ខែវិច្ឆិកានេះ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានស្នើឲ្យមានការបង្កើនកិច្ចសហការរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍  វិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាការលូតលាស់របស់កុមារ និងបង្កើន ឆន្ទៈរបស់ពួកគេក្នុងការការពារនិងលើកម្ពស់សិទ្ធិកុមារ ។

លោកជំទាវ មានប្រសាសន៍ថា បញ្ហាប្រឈមមួយចំនួននៅតែកើតឡើងចំពោះកុមារ ដែលបណ្តាលមកពីភាពក្រីក្ររបស់ឳពុកម្តាយ  ការធ្វើចំណាកស្រុក ការទុកកូនចោល ដោយជាប់ពន្ធនាគារ ។ កុមារបែកចេញពីគ្រួសារទាំងនេះ ទទួលរងនូវបញ្ហាប្រឈមនានារួមមាន៖ ការជួញដូរ ប្រើប្រាស់ហិង្សា ការគំរាមកំហែង ការរំលោភបំពាន ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ឬកេងប្រវ័ញ្ចគ្រប់រូប  ភាព ។

សំឡេង៖  «ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែជួបប្រទះនូវចំណុចប្រឈមខ្លះពាក់ព័ន្ធនឹងការយល់ដឹងខ្លះរបស់របស់មាតាបិតា ហើយអ្វីដែលប្រឈមកាន់តែមាននោះ គឺអំពើហិង្សា។ យើងមើលឃើញថា អ្នកដែលនៅកៀកជាប់នឹងក្មេងបំផុតហ្នឹងតែងតែមិនទាន់យល់ដឹងអំពីការការពារកុមារឲ្យបានរឹងមាំ ហើយការចំណាកស្រុកហ្នឹងក៏ជាបញ្ហាប្រឈមដែរ។ ដូច្នេះ បញ្ហាប្រឈមតិចតួច យើងនឹងបង្កើនការយកចិត្តទុកដាក់ ហើយប្ដេជ្ញាចិត្តទាំងអស់គ្នា រួមគ្នាគ្រប់ស្ថាប័នពាក់ព័ន្ធ»

  សូមបញ្ជាក់ថា តាមការអង្កេតកាលពីឆ្នាំ២០១៣ ដោយក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Unicef ទៅលើអំពើហិង្សាលើកុមារបានឲ្យដឹងថា កុមារ១នាក់ ក្នុងចំណោមកុមារ២នាក់ទទួលរងអំពើហិង្សាលើរាងកាយ កុមារ១នាក់ ក្នុងចំណោម៤នាក់បានទទួលអំពើហិង្សាខាងផ្លូវចិត្ត និងកុមារ១នាក់ក្នុងចំណោមកុមារ២០នាក់ បានទទួលរងអំពើហិង្សាលើផ្លូវភេទផងដែរ  ៕