អាជ្ញាធរស្រុកសេសានអំពាវនាវកសិករឱ្យដាំបន្លែបង្កាបន្ថែមបន្ទាប់ពីច្រូតកាត់ស្រូវរួច

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ អាជ្ញាធរស្រុកសេសាន អំពាវនាវអោយកសិករ នៅឃុំសាមឃួយបន្ទាប់ពីច្រូតកាត់ស្រូវ សូមឱ្យប្រើប្រាស់ផ្ទៃដីដែលមានប្រភពទឹកដាំដុះជាបន្លែបង្ការធ្វើជាកសិករគំរូ និងបានលើកស្ទួយជីវភាពរស់នៅផងហើយបានកាត់បន្ថយការទៅស៊ីឈ្នួល លក់កម្លាំងពលកម្មផង។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖យុទ្ធសាស្រ្តរបស់ស្រុកបានឯកភាពគ្នារួចហើយគឺបង្កើតឱ្យមានកសិករគំរូក្នុងការប្រគួតប្រជែងគ្នាក្នុងការធ្វើកសិកម្មនៅរដូវប្រាំង ។
លោកបន្តថាសកម្មភាពចុះជួយប្រមូលផលស្រូវកសិករនេះជាការជួយដោះស្រាយភាពលំបាក ក្នុងការប្រមូលផល ដើម្បីកុំឱ្យស្រូវទុំ ហើយច្រូតកាត់មិនទាន់ មានសត្វចង្រៃមកស៊ីជាដើម។
(សម្លេង)អញ្ចឹងអ្វីដែលយើងកំពុងធ្វើនេះគឺសុំឱ្យគាត់រុះរាន់ការប្រមូលផលដែលស្រូវទំហើយទី២ ក្រៅពីធ្វើស្រែគាត់អាចដាំបន្លែឬក៍អាច ធ្វើស្រែប្រាំងបានទៀត។
លោកស្រី ខឹម ផ ជាម្ចាស់ស្រែនៅភូមិឃុំសាមឃួយបានសាទរជាមួយកំលាំងមន្ត្រីរាជការដែលបានចំណាយពេលវេលាមកជួយប្រមូលផលនេះព្រោះវាបាន សម្រួលដល់កសិករដែលកំពុងត្រូវការកម្លាំងពលកម្មក្នុងការច្រូតកាត់។លោកស្រីបន្តថា៖ បន្ទាប់ពីប្រមូលផលហើយបងប្អូននៅតំបន់នេះនិងអនុវត្តតាមការណែនាំរបស់លោកអភិបាលស្រុកគឺនាំគ្នាដាំ ឳឡឹក -ត្រសក់ស្រូវ-ល្ពៅ ព្រោះបច្ចុប្បន្នវាមានទីផ្សារបញ្ជាទិញ។
លោកតឹម ញ៉ កសិរនៅឃុំសាមឃួយបានបញ្ជាក់ថា៖ឆ្នាំនេះក៍មានកសិករមួយចំនួនបានខកចិត្តព្រោះមិនបានរុះរាន់រៀបចំធ្វើការដកស្ទូងចេះតែបង្អង់ចាំមើលទឹកជំនន់មេគង្គដោយសារតែនៅឆ្នាំ២០១៨ទឹកឡើងដល់ទៅ៣ដងបានបង្កឱ្យខូចខាតស្រូវស្រែផលដំណាំទាំងស្រុង។ លោកបន្តថា៖កសិករធ្វើស្រែចំការគឺត្រូវមួយរដូវខុសមួយរដូវគ្មានភាពទៀងទាត់ទេព្រោះបច្ចុប្បន្ន អាកាសធាតុមានលក្ខណៈប្រែប្រួលច្រើន គាប់ជួន ពេលខ្លះច្រូតស្រូវក្នុងទឹក ខ្លះស្កកអស់ក៍មានដែរ។
លោក ឡត វាសនា កសិករនៅភូមិសាមឃួយនេះដែរបានអះអាងថា៖បញ្ហាប្រឈមនេះបានតម្រូវកសិករមួយចំនួនបោះបង់ការធ្វើស្រូវ ហើយនាំគ្នាងាកមកធ្វើចំការនិងដាំបន្លែជំនួសវិញព្រោះពេលចំណាយកម្លាំងទៅទទួលបានផលមកវិញខ្លះ មិនខាតបង់ទាំងស្រុងដូចធ្វើស្រូវ ពេលទឹកលិចរលួយខូចទាំងស្រុងតែម្តង ។
សូមបញ្ជាក់ថា៖ស្រុកសេសានមានចំនួន៧ឃុំនិង ២២ភូមិ ប្រជាពលរដ្ឋរស់នៅជាង៥៦០០គ្រួសារ ប្រកបរបរកសិកកម្មជាចម្បង និងមួយចំនួនប្រកបរបរធ្វើនេសាទ និងអាស្រ័យផលពីធនធានធម្មជាតិជាបន្ទាប់បន្សំ៕