កម្ពុជា -បាបាដុស សំរេចបង្កើតទំនាក់ទំនងការទូត រវាង ប្រទេស ទាំង ពីរ

វិទ្យុ ជាតិ កម្ពុជា ៖ លោក អាត ចន្ធូ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃបាបាដុស សំរេចបង្កើតទំនាក់ទំនងការទូត រវាង ប្រទេស ទាំង ពីរ ដើម្បី ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ ។
យោងតាម សេចក្ដី ប្រកាស ព័ត៌មាន របស់ ក្រសួង ការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិ ចេញ ផ្សាយ នៅ ថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានអោយដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃបាបាដុស បានចេញ សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងបាបាដុស ក្នុងគោលបំណងជំរុញការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។ប្រភពដដែល បន្តថា ការសំរេចនេះ ដោយឈរលើគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសក្នុងគោលបំណងគោរពនិងពង្រឹងសន្តិសុខ សន្តិភាពអន្តរជាតិសមភាពរវាងរដ្ឋ និងរដ្ឋអធិបតេយ្យភាពជាតិ ឯករាជ្យភាព សន្ធិសញ្ញាអន្តរជាតិ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងរដ្ឋនិងរដ្ឋ។ ប្រភពដដែល បញ្ជាក់ថា បានសម្រេចបង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរាជទូត/រដ្ឋទូត ដោយអនុលោមតាមបទបញ្ញត្តិ នៃអនុសញ្ញាទីក្រុងវីយ៉េន ស្តីពីទំនាក់ទំនងការទូតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១ ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នេះតទៅ។ជាសក្ខីភាព តំណាងហត្ថលេខីទាំងពីរ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល/រដ្ឋាភិបាលរៀងៗខ្លួន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ ជាពីរច្បាប់ដើម ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលអត្ថបទទាំងពីរនេះមានតម្លៃស្មើគ្នា។