រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថាឆ្នាំ២០២០ខាងមុខឃុំ-សង្កាត់ទូទាំងប្រទេសនឹងទទួលបានថវិកាជាមធ្យមជាង១២ម៉ឺនដុល្លារដើម្បីអភិវឌ្ឍមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រាជរដ្ឋាភិបាលសម្រេចថា នៅឆ្នាំ២០២០ខាងមុខនេះរដ្ឋបាលឃុំ-សង្កាត់ទូទាំងប្រទេសនឹងទទួលបានថវិកាជាមធ្យមជាង១២ម៉ឺនដុល្លារដើម្បីអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ក្នុងកិច្ចប្រជុំលើកទី១៧ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេច ក្រឡាហោម ស ខេង ឧបនាយកដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.បមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ដីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនទៅ រដ្ឋបាល ឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋាន ចាប់ពីឆ្នាំ២០២០តទៅ ក្នុងនោះរដ្ឋបាល ឃុំ-សង្កាត់ នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២ពាន់ដុល្លារ។ ក្នុងនោះថវិកា ផ្នែកអភិវឌ្ឍមូលដ្ឋានមានចំនួនជាមធ្យមប្រមាណជា៧ម៉ឺនដុល្លារក្នុងឆ្នាំ២០២០គឺកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩។
សំឡេង៖ «ថវិការនេះនឹងមានការកើនឡើង……ក្នុងឆ្នាំ២០២៣»
សម្ដេចក្រឡាហោម ស ខេងបញ្ជាក់ថា ចំនួនថវិកាអភិវឌ្ឍ ឃុំ-សង្កាត់បានកើនឡើងឥតឈប់ឈរនឹងធ្វើឲ្យឃុំ-សង្កាត់ខ្លះនឹងទទួលបានថវិកាច្រើនជាងគេដែលមានរហូតទៅដល់៤៥០ពាន់ដុល្លារក្នុងឆ្នាំ២០២៣។ សម្ដេចរំលឹកថា នាពេលថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជូនដំណឹងអំពីថវិកាទៅដល់ឃុំ-សង្កាត់ រួចហើយដែរ។ សម្តេចលើកឡើងថា នៅពេលទទួលបានថវិកា គឺត្រូវមានការពង្រឹង និងគាំទ្រផ្នែកបច្ចេកទេស ទៅដល់រដ្ឋបាល ឃុំ-សង្កាត់ ដើម្បីធានាមានប្រសិទ្ធិភាពការងារ។

សូមបញ្ជាក់ថា កិច្ចប្រជុំ គ.ជ.អ.បលើកទី១៧នេះធ្វើឡើងក្នុងគោលបំណងពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៦របស់ គ.ជ.អ.ប។ ស្តាប់របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប។ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។ ពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនា សម្ព័ន្ធរបស់រដ្ឋបាលក្រុងរដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត៕