គណៈប្រតិភូមន្រ្តីព័ត៌មានកម្ពុជាស្វែងយល់បទពិសោធន៍ពីវៀតណាមលើបច្ចេកទេសគ្រប់គ្រង និងចែករំលែកព័ត៌មានដែលលឿនរហ័ស និងច្បាស់ការ

វិទ្យុជាតិកម្ពុជា៖ លោក ហុក សុខរិន

វៀតណាម៖​ក្រុមគណៈប្រតិភូមន្រ្តីព័ត៌មានកម្ពុជាបានស្វែងយល់បទពិសោធន៍ពីវៀតណាម លើបច្ចេក ទេសគ្រប់គ្រងនិងចែករំលែកព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចឲ្យមានភាពលឿនរហ័ស និងច្បាស់លាស់ ជាក់លាក់ ដើម្បី ធានាបានការជឿទុកចិត្តពីសាធារណជន។

ក្នុងជំនួបទទួលស្វាគមន៍និងពិភាក្សាការងាររវាងគណៈប្រតិភូមន្រ្តីព័ត៌មានកម្ពុជា ដែលដឹកនាំ ដោយឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងថ្នាក់ដឹកនាំមន្ទីរព័ត៌មានផ្សព្វផ្សាយទីក្រុងហាណូយប្រទេសវៀតណាម នៅ ថ្ងៃទី២០ ខែវិច្ឆិកា ភាគីទំាង២បានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជាច្រើនលើការគ្រប់គ្រងព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកបុក និង តាមប្រព័ត៌ផ្សព្វ ផ្សាយអេឡិចត្រូនិច ដូចជាគេហទំព័រ និងទូទស្សន៍អនឡាញ ដើម្បីធានាបានការផ្សព្វ ផ្សាយព័ត៌មានពិតមិនបំភ្លៃដែលធានាបានផលប្រយោជន៍សង្គមនិងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះឯកឧត្តម អនុរដ្ឋលេខាធិការបានអៈអាងថា កិច្ចពិភាក្សាផ្លាសប្តូរបទពិសោធន៍នេះ ទទួលបានចំណេះដឹងថ្មីៗជាច្រើន ដែលអាចយកទៅបំពេញបន្ថែមក្នុងការអនុវត្តនៅកម្ពុជា ខណៈដែលបច្ចុប្បន្ននៅកម្ពុជាមានការរីកចំរើនខ្លំាងលើការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអេឡិចត្រូនិចនេះ។ ឯកឧត្តមបញ្ជាក់ថា ទោះបីព័ត៌មានផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិចមានភាពលឿនរហ័ស និងទទួលការគាំទ្រពីប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែនៅក្នុងចំណោមយព័ត៌មានទំាងនោះក៏មានព័ត៌មានខ្លះ មិនពិតផងដែរ ដែលទាមទារអោយមានការត្រួតពិនិត្យនិងថ្លឹងថ្លែងប្រភពអោយបានច្បាស់លាស់ ដើម្បីកុំអោយព័ត៌មាននោះបំពុលឬបង្កអសន្តិសុខនៅក្នុងសង្គម។
សម្លេង
លោកង្វៀន ង៉ុកគី ប្រធានមន្ទីរព័ត៌មាន និងផ្សព្វផ្សាយទីក្រុងហាណូយប្រទេសវៀតណាម បានឲ្យដឹងថា នៅក្នុងប្រទេសវៀតណាមក៏កំពុងមានភាពស្មុគស្មាញលើការគ្រប់គ្រងព័ត៌មានតាមប្រព័ន្ធអេឡិចត្រូចនិចនេះផងដែរ ខណៈដែលអ្នកប្រើប្រាស់ហ្វេកបុកមានរហូតដល់ជាង៦២លាននាក់។ លោកបញ្ជាក់ថា នៅពេលកើតមានព័ត៌មានមិនប្រក្រីតីណាមួយកើតឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិច គឺអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលុបព័ត៌មាននោះភ្លាមៗមិនអោយលើសពីមួយ ម៉ោងឡើយ បន្ទាប់ពីបានផ្ទៀងផ្ទាត់ប្រភពរួចរាល់។ លោកបានបន្តថា ក្រុមការងារជំនាញគឺមានសកម្ម ភាពជាប្រចាំក្នុងការងារឃ្លាំមើលតាមដានរាល់ការផ្សាយព័ត៌មានទំាងអស់នៅក្នុងប្រទេសវៀតណាម ហើយក្នុងករណីមានព័ត៌មាន មិនពិតកើតឡើងក្រៅពីអនុវត្តវិធានការច្បាប់ គឺតម្រូវឲ្យនិពន្ធនាយកកែតម្រូវព័ត៌ មានភ្លាមៗដោយផ្សាយការពិតត្រលប់មកវិញ។ បន្ថែមពីនេះទៀត គឺការផ្តល់របាយការណ៍ពិត និងអញ្ចើញអ្នកសាព័ត៌មានមកពិភាក្សាដេញដោលជាមួយនិងក្រសួងជំនាញជុំវិញព័ត៌មានណាដែលក្តៅៗ ហើយរសើបនៅ
ក្នុងសង្គម។
សូមបញ្ជាក់ថា ជំនួបពិភាក្សារការងារផ្លាស់ប្តូរបទពិសោធន៍រវាងមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មាន កម្ពុជាជាមួយវៀតណាមពីបច្ចេកទេសគ្រប់គ្រងនិងចែករំលែកព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិច បានធ្វើ ឡើងក្នុងឱកាសដែលក្រុមគណៈប្រតិភូមន្រ្តីព័ត៌មានកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមចំនួន១សប្តាហ៍ក្រោមកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌មាននៃក្រសួងព័ត៌មានកម្ពុជានិងវៀតណាម៕