អាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការពិភាក្សាស្តីពីការចែករំលែកចំណាយសម្រាប់ វត្តមានកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបិទបញ្ចប់កិច្ចពិភាក្សាយ៉ាងតក់ក្រហល់កាលពីថ្ងៃអង្គារ៍ ជុំវិញបញ្ហាបែងចែកតម្លៃសម្រាប់ការថែរក្សាកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធទី២០ខែវិច្ឆិកា ឆ្នាំ២០១៩។
ការបញ្ចប់ការពិភាក្សាយ៉ាងប្រញ៉ាប់ប្រញ៉ាល់ដែលជាជុំទី៣នេះ ស្ថិតក្នុងស្ថានភាពដ៏តានតឹងជាថ្មីររវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកតម្លើងថ្លៃចំណាយសម្រាប់កងកម្លាំងអាមេរិកជិត៤០០% ស្មើនឹង ៤.៧ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២០ ក្នុងការរក្សាវត្តមានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង។
លោក ជែម ដេហាត (James DeHart )ប្រធានអ្នកចរចាសម្រាប់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គណៈប្រតិភូអាមេរិកមានគំនិតបើកចំហហើយថែមទាំងបានរៀបចំដើម្បីកែជំហរជាចាំបាច់ដើម្បីឈានទៅរកកិច្ចព្រមព្រៀងដែលអាចទទួលយកបាន ដោយផ្តល់ពេលវេលាដល់ភាគីកូរ៉េដើម្បីពិចារណាឡើងវិញឆ្ពោះទៅរកកិច្ចព្រមព្រៀង។ ប៉ុន្តែជាការឆ្លើយតប លោក ជឹង អ៊ិនបូ (Jeong Eun-bo) ប្រធានក្រុមអ្នកចរចារបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បួងរក្សាជំហរបច្ចុប្បន្នរបស់យើងថាការបែងចែកថ្លៃដើម (រវាងអាមេរិកនិងកូរ៉េខាងត្បូង) ចាំបាច់ត្រូវសម្រេចចិត្តផ្អែកលើ កិច្ចព្រមព្រៀងវិធានការពិសេសដែលយើងបានព្រមព្រៀងគ្នាអស់រយៈពេល ២៨ ឆ្នាំមកហើយ។
ប្រភព៖ សារព័ត៌មាន CNN