ស្រ្តីវៀតណាម នឹងរុស្ស៊ីជំរុញឱ្យមានការចូលរួមចំណែកបន្ថែមទៀត នៅក្នុងសកម្មភាពសង្គម និងនយោបាយ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩​ — លោកស្រី Hoang Thi Ai Nhien អនុប្រធានអចិន្ត្រៃយ៍នៃសហភាពនារីវៀតណាម បានថ្លែងនៅក្នុងពិធីសមាជស្ត្រីវ័យក្មេងរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ស្ត្រីវៀតណាម និងរុស្ស៊ី គួរតែចូលរួមចំណែកបន្ថែមទៀតដល់សកម្មភាពសង្គម និងនយោបាយនៅក្នុងប្រទេសរៀងៗខ្លួន។

លោកស្រីក៏បានស្នើឱ្យស្ត្រីនៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរគ្នា នឹងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់អំពីជំហររបស់ពួកគេនៅក្នុងសង្គម ក៏ដូចជាការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិរហូតដល់ឆ្នាំ ២០៣០ ។

លោកស្រី Nhien បាននិយាយថា ជាមួយនឹងប្រវត្តិសាស្ត្រជិត៩០ឆ្នាំមកនេះសហភាពនារីវៀតណាមតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីវៀតណាម នឹងខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍ និងសមភាពយេនឌ័ររបស់ស្ត្រី។

លោកស្រីសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ស្ត្រីរុស្ស៊ីនឹងយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាមជាពិសេសប្រទេសវៀតណាម ដែលមានភាពច្នៃប្រឌិតនៅក្នុងដំណើរការសមាហរណ កម្ម និងការអភិវឌ្ឍ ក៏ដូចជាតួនាទីរបស់ស្ត្រីវៀតណាមផងដែរ។

ក្នុងឱកាសនេះ សហភាពនារីវៀតណាមបានសម្របសម្រួលជាមួយវិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមរបស់រុស្ស៊ី ដើម្បីរៀបចំពិព័រណ៍រូបថត ស្តីពីមិត្តភាពវៀតណាម – រុស្ស៊ី។

ការតាំងពិព័រណ៍នេះបានបង្ហាញអំពីតួនាទីរបស់លោកប្រធានាធិបតី ហូជីមិញ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពស្មោះត្រង់រវាងវៀតណាម និងរុស្ស៊ី ការគាំទ្ររបស់សហភាពសូវៀតចំពោះបុព្វហេតុជាតិវៀតណាមក្នុងការរំដោះ និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម – រុស្ស៊ីក្នុងរយៈពេលថ្មីៗនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)