អង្គការ WTO អនុញ្ញាតឱ្យកូរ៉េខាងត្បូង រក្សាអត្រាពន្ធបច្ចុប្បន្នលើទំនិញអង្ករដែលបាននាំចូល

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃអង្គារ ក្រសួងកសិកម្មកូរ៉េខាងត្បូងបាននិយាយថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូងរក្សាអត្រាពន្ធ៥១៣ភាគរយ លើអង្ករដែលបាននាំចូលនៅឆ្នាំក្រោយ ដែលជាវិធានការមួយដែលអាចជួយការពារទីផ្សារស្រូវរបស់ប្រទេស ដែលមានសេដ្ឋកិច្ចលំដាប់ទីបួននៅអាស៊ីមួយនេះ។

ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាំចេញអង្ករចំនួនប្រាំ គឺសហរដ្ឋអាមេរិក ចិន អូស្ត្រាលី ថៃ និងវៀតណាម ដើម្បីបញ្ចប់ដំណើរការមួយដែលមានគោលបំណងដើម្បីផ្ទៀងផ្ទាត់ថា តើពន្ធខ្ពស់របស់កូរ៉េខាងត្បូងសមស្រប ឬអត់។

ប្រទេសទាំង ៥ ដែលមានបញ្ហាជាមួយពន្ធគយខ្ពស់របស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៤ គ្រោងនឹងផ្ញើលិខិតទៅស្ថាប័នពាណិជ្ជកម្មពិភពលោកដើម្បីជូនដំណឹងថា បញ្ហានេះត្រូវបានដោះស្រាយរួចហើយ។

យោងតាមក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូងបានឱ្យដឹងថា អង្គភាពពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវរំពឹងថា នឹងបញ្ចប់អត្រាពន្ធ៥១៣ភាគរយ របស់ប្រទេសកូរ៉េខាងត្បូងលើទំនិញអង្ករដែលបាននាំចូលនៅដើមខែមករា​ ខាងមុខនេះ។

តាមវិធានការនេះ ប្រទេសកូរ៉េខាងត្បូងនឹងអាចរក្សាអត្រាពន្ធ៥១៣ភាគរយលើទំនិញអង្ករដែលបាននាំចូលសម្រាប់បរិមាណនៅក្រៅកូតាចំនួន ៤០៨.៧០០តោននៃការនាំចូលអង្ករប្រចាំឆ្នាំ។

ប្រទេសកូរ៉េខាងត្បូងបានដាក់អត្រាពន្ធ ៥១៣ភាគរយលើទំនិញអង្ករនាំចូលតាំងពីឆ្នាំ ២០១៥ ។ ប្រព័ន្ធនៃកូតាអត្រាពន្ធ – ដែលក្នុងនោះកូរ៉េខាងត្បូងដាក់ពន្ធ ៥ភាគរយ មានន័យថា ផ្តល់លទ្ធភាពដល់ទីផ្សារអប្បបរមា។

ក្រោមកូតាដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ការនាំចូលរបស់កូរ៉េខាងត្បូងពីប្រទេសចិននឹងមានចំនួន១៥៧.១៩៥តោន បន្ទាប់មកពីសហរដ្ឋអាមេរិកមានចំនួន ១៣២.៣០៤តោន ពីវៀតណាមចំនួន ៥៥.១១២ តោន ពីថៃចំនួន ២៨.៤៩៤តោន ពីអូស្រ្តាលីចំនួន ១៥.៥៩៥តោន និងពីប្រទេសផ្សេងៗទៀតចំនួន ២០.០០០តោន។

អង្ករ គឺជាអាហារចម្បងសម្រាប់ជនជាតិកូរ៉េខាងត្បូង ប៉ុន្តែការប្រើប្រាស់របស់វាបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ដោយសារតែការផ្លាស់ប្តូរទម្លាប់នៃរបបអាហារ នឹងការញ៉ាំរបស់ប្រជាជន។

យោងតាមស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ការប្រើប្រាស់អង្ករប្រចាំឆ្នាំជាមធ្យមក្នុងមនុស្សម្នាក់បានឈានឡើងដល់កម្រិតទាបបំផុតចំនួន ៦១គីឡូក្រាម ក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបជាមួយនឹងចំនួនខ្ពស់បំផុត គឺ ១៣៦,៤គីឡូក្រាម ក្នុងឆ្នាំ ១៩៧០ ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)