​សម្ដេតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹ​ង អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣ នៅ​សាធារណរដ្ឋ​ស​ហ​ភា​​ព  មី​យ៉ា​ន់​ម៉ា  ដើម្បីបង្ហាញពីសាមគ្គីភាពរវាងប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូច​ជា​​រួម​ចំណែក​ក្នុងការកសាងសន្តិភាពសម្រាប់តំបន់ផងដែរ។

នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយ​ករដ្ឋម​ន្ត្រី​ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណា​ចក្រកម្ពុជា និងឯកឧត្ដមឯកឧត្តម​ហេ​ន​រី​ វ៉ា​ន់​ធៀ (Henry Van Thio​)  អនុ​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ​នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមាន​សន្តិភាព។

នៅក្នុងជំនួបនោះ  សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការ​ស្វាគមន៍​ និងថ្លែង​អំណរ​គុ​ណ​​ចំពោះឯកឧត្តម Henry Van Thio ដែលបានអញ្ជើញមកចូលរួម​ក្នុងកិច្ចប្រជុំ​កំពូលអាស៊ីប៉ា​ស៊ី​ហ្វិក ​ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ហើយមិនត្រឹមតែ​បង្ហាញ​ពីសាមគ្គីភាពក្នុងចំណោម​ប្រ​ជាជាតិអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែបានបង្ហាញ​អំពីសាមគ្គី​ភាពរវាងប្រទេសមី​យ៉ា​ន់​ម៉ា និងកម្ពុជា ក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។ ​

ឯកឧត្តម Henry Van Thio អនុប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា បានមាន​ប្រ​សាសន៍សម្ដែងនូវការរីរាយ ដែលបានមកចូលរួមក្នុងវេទិកាអាស៊ីប៉ាស៊ីហ្វិកនេះ ហើយបាន​សម្ដែងនូវការកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការ​ចូលរួមក្នុង​ពិធីកិច្ចប្រជុំ​កំ​ពូ​ល​អាស៊ី​ប៉ាស៊ីហ្វិកលើកទី២នេះ និងអបអរសាទរចំពោះជោគជ័យ​ក្នុងការ​ប្រព្រឹត្តទៅ នៃកិច្ច​ប្រ​ជុំ​កំពូល​នេះផងដែរ។ ឯកឧត្ដម ក៏បានមានប្រសាសន៍រម្លឹកពីទំនាក់​ទំនងទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ាថា នៅឆ្នាំក្រោយ គឺជាខួប៦៥ឆ្នាំនៃទំនាក់ការទូតនៃ​ប្រទេសទាំងពីរ ហើយក្រៅ​ពី​​​ទំ​នាក់ទំនងទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិ​ការ​ជាច្រើនទៀត ដូចជា វេទិកា​តំ​​បន់ វេទិកាអាស៊ាន  CLMV និង GMS ជាដើម។ ជាងនេះទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំង​ពីរ​ក៏​បានពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណាដើម្បីជំរុញទំហំ​ពាណិជ្ជ​កម្ម ជំរុញកិច្ចសហប្រតិបត្តិការ​លើ​វិស័យវិស័យវប្បធម៌ អប់រំ និងទេសចរណ៍​បន្ថែមទៀត​ផងដែរ ដោយសារកន្លង​មកប្រទេស​ទាំ​ងពីរ មានកិច្ចព្រមព្រៀងមួយចំនួនហើយ ដូច្នេះធ្វើ​យ៉ាងណា​ជំរុញវិស័យទាំងនេះ ជាពិ​សេ​ស​​ការ​ហោះហើរត្រង់។ ឯកឧត្តម Henry Van Thio បានបន្ដថា នៅឆ្នាំ​ក្រោយ​នេះ​​ សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា  នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​លើ​ក​​ទី៣ ដែលលើកទី២ ធ្វើនៅកម្ពុជា និងលើកទី ១ ធ្វើនៅ​ប្រទេស​នេប៉ាល់។ ដូច្នេះឯកឧត្ដម​បាន​ពាំ​នាំនូវការអញ្ជើញដោយផ្ទាល់ចំពោះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួមកិច្ច​ប្រជុំ​កំ​ពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣នៅប្រទេសមីយ៉ាន់ម៉ា ហើយសម្ដេចតេជោបានសន្យាថានឹង​អ​ញ្ជើ​ញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​លើកទី​៣នេះ ដើម្បីបង្ហាញពីសាមគ្គីភាព​របស់​រវា​ងប្រជាជាតិ​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជារួម​ចំណែកក្នុងការកសាងសន្តិភាពសម្រាប់​តំ​ប​ន់​ផង​ដែរ។ ឯកឧត្តមអនុប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បានថ្លែងអរគុណចំពោះសម្ដេច​តេជោនា​យ​ក​​រដ្ឋមន្ត្រី ដែលបានសន្យាថានឹងចូលរួមក្នុងកិច្ច​ប្រជុំប៉ាស៊ីហ្វិកលើកទី៣ នៅ​សាធារណរដ្ឋ​ស​ហ​ភាព​មី​យ៉ា​ន់​ម៉ា៕

ដោយ ជឹម ណារី