មីយ៉ាន់ម៉ាសាទរកម្ពុជាដែលទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ហេនរី វ៉ាន់ធៀ បានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី២ ដែលបាននឹងកំពុងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានគណៈប្រតិភូចម្រុះជាតិសាសន៍ចូលរួមប្រមាណ២០០០នាក់។

ថ្លែងក្នុងឱកាសចូលជួបសម្តែងការគួរសម និងសវនការសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ហេនរី វ៉ាន់ធៀ បានលើកឡើងថា វាជាមោទនភាពសម្រាប់កម្ពុជាដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី២ នៅក្នុងឆ្នា២០១៩ ខណៈប្រទេសមីយ៉ាន់ម៉ា ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។

ឯកឧត្តម បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងមីយ៉ាន់ម៉ា ដែលមានទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ឯកឧត្តម ថ្លែងថា ប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ ឯកឧត្តម បានស្នើឲ្យភាគីទាំងពីរជំរុញឲ្យការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ដើម្បីឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅកម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញ ពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនង មិត្តភាព ស្អិតរមួត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ កម្ពុជាមីយ៉ាន់ម៉ា ទំាងពេលបច្ចុប្បន្ន និងអនាគត។ សម្តេចបានគូសបញ្ជាក់ថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត នៅចំពោះមុខសភាពការណ៍សកលលោក កំពុងមានការប្រែប្រួលវិវត្តឥតឈប់ឈរ ។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា គាំទ្រនិងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានអនុវត្តជាមួយគ្នាយ៉ាងសកម្មទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនំាមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទំាងសងខាង និងរួមចំណែកដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចំពោះកិច្ចខិតខំស្វែង រកដំណោះស្រាយនយោបាយផ្ទៃក្នុងរួម ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ ៕