ធនាគាពិភពលោក ថា គុណភាពការងារនៅកម្ពុជាកំពុងមានការកែលម្អ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី
MC: ធនាគាពិភពលោក លើកឡើងថា គុណភាពការងារនៅកម្ពុជាកំពុងមានការកែលម្អ ស្របពេលទាមទារឲ្យមានគោលនយោបាយថ្មីៗ ដើម្បីទាញអត្ថប្រយោជន៍ពីទីផ្សារសកល។

របាយការណ៍របស់ធនាគាពិភពលោកក្រោមចំណងជើងថា អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ ដែលចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ភាពចម្រុះនិងគុណភាពនៃការងារដែលមាននៅក្នុងប្រទេស កំពុងមានការ កែលម្អឱ្យប្រសើរឡើង ប៉ុន្តែកម្ពុជា ចាំបាច់ត្រូវមានគោលនយោបាយ ថ្មីៗ ដើម្បីទាញ យកអត្ថប្រយោជន៍ពីឱកាសនានា ដែលអាចរកបាននៅលើទីផ្សារពិភពលោក នាពេលអនាគត។
របាយការណ៍ដដែលនេះ បន្តថា ក្នុងចំណោមការងារចំនួន ៨លាននៅក្នុងប្រទេសកម្ពុជា មាន ៣៧ភាគរយ ជាការងារមានប្រាក់ឈ្នួលដែលភាគច្រើនផ្តល់ប្រាក់ចំណូលខ្ពស់គ្រាន់ បើ និងអត្ថ ប្រយោជន៍ការពារបន្ថែមដល់កម្មករ ខណៈ ៦៣ភាគរយទៀត នៅតែ ជា ការ ងារ បែបប្រពៃណីនៅឡើយ ក្នុងនោះមានការ ងារ ដាំដុះឬអាជីវកម្ម ជាលក្ខណៈគ្រួសារដែលមិនសូវបានធ្វើ សមាហរណកម្មចូល ទៅក្នុង សេដ្ឋកិច្ចទំនើបប៉ុន្មានទេ ហើយផ្តល់ឱ្យកម្មករនូវប្រាក់ចំណូលទាបជាង។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ភាពចម្រុះនិងគុណភាពនៃការងារនៅក្នុងប្រទេសកម្ពុជា ត្រូវ បានកែលម្អឱ្យប្រសើរឡើងជា បណ្តើរៗហើយ។ ប៉ុន្តែ និន្នាការសកល មានដូចជា ការ កើនឡើងនូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និង ស្វ័យប្រវត្តិកម្ម តម្រូវឱ្យ កម្ពុជាគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែល ប្រទេស នេះ កំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍផ្អែកលើការនាំចេញ។»
របាយការណ៍ដដែលនេះ បានកត់សម្គាល់ថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បាន ដើរតួយ៉ាងសំខាន់ក្នុងការងាររួមចំណែក បង្កើតការ ងារ មានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ២០១៥ មួយភាគបីនៃការងារមានប្រាក់ឈ្នួលនៅកម្ពុជា គឺស្ថិតនៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។
ក្រុមហ៊ុនក្នុងស្រុកមានចំនួនច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែកបង្កើតការងារបានច្រើនទេ។ ក្រុមហ៊ុនក្នុងស្រុកជួលកម្មករជាមធ្យម៨នាក់ក្នុង មួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹង១២៤នាក់ ក្នុង ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ កង្វល់ធំមួយគឺនៅ ត្រង់ ការធ្វើយ៉ាងណាឱ្យពលករកម្ពុជាមានជំនាញចាំបាច់ ដើម្បីពួកគាត់ អាចទៅ ប្រកួតប្រជែងជាមួយកម្មករមកពីប្រទេសផ្សេងទៀត ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេស។
នៅឆ្នាំ២០១៦ ចំនួន៣៧,៦ភាគរយ នៃក្រុមហ៊ុននាំចេញបានប្រាប់ ឱ្យ ដឹង ថា កម្លាំងពលកម្មដែលមានការអប់រំជំនាញមិនគ្រប់គ្រាន់ ជាឧបសគ្គចម្បងដល់ការធ្វើ អាជីវកម្ម។
របាយការណ៍នេះ បានផ្តល់អនុសាសន៍បែបយុទ្ធសាស្រ្ត៤ដើម្បីធានាសម្រាប់ឲ្យមានការងារច្រើននិងប្រសើរនាពេលអនាគត៖ ធ្វើពិពិធកម្មវិស័យនាំចេញឲ្យចូលក្នុងខ្សែចង្វាក់តម្លៃនៃតម្លៃបន្ថែម បង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកដែលគាំទ្រដល់ការរីកលូតលាស់នៃក្រុមហ៊ុនក្នុងស្រុក ពង្រឹងការតភ្ជាប់រវាងវិស័យការងារក្នុងស្រុកនិងការនាំចេញនៃសេដ្ឋកិច្ច និងការវិនិយោគលើជំនាញនិងការអប់រំនៃកម្មករ៕