គណៈកម្មការទន្លេមេគង្គ ព្រមានថា គ្រោះរាំងស្ងួតបន្តវាយប្រហារលើបណ្តាប្រទេសតាមដងទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC ព្រមានថា គ្រោះរាំងស្ងួតបន្តវាយប្រហារលើបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលនឹងបណ្តាលឲ្យផលិតផលដំណាំប្រឈមនឹងហានិភ័យ ដោយសារកង្វះខាតទឹកស្រោចស្រព។

គណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី១៩ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ថា បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០ ក្នុងនោះប្រទេសថៃ និងកម្ពុជានឹងរងនូវការវាយប្រហារនេះខ្លាំងជាងប្រទេសឡាវ និងវៀតណាម។

ការព្រមាននេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យរយ:ពេល៣ខែ នៃការវិភាគ ដែលផ្តោតលើប្រូបាប និងកម្រិតនៃភាពរាំងស្ងួត រួមទាំងទឹកភ្លៀងដោយធៀបទៅនឹងទិន្នន័យឆ្នាំចាស់ ហៅថា សន្ទស្សន៍ស្តង់ដារទឹកភ្លៀង (SPI) និងកម្រិតស្ងួតនៃស្រទាប់ខាងលើដី ហៅថាសន្ទស្សន៍គ្រោះរាំងស្ងួតរួមគ្នា (CDI) នៅតាមបណ្តាប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

លោកបណ្ឌិត ឡាំ ហុងសឺន ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ការវិភាគទិន្នន័យបឋមរបស់គណៈកម្មការទន្លេមេគង្គ បង្ហាញថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភាព អែល នីណូ(El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា អាកាសធាតុស្ងួតរយ:ពេលយូរនៅឆ្នាំនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ និងផលិតផលកសិកម្ម ព្រមទាំងអាចជួបបញ្ហាកង្វះទឹកប្រើប្រាស់កើតមាន ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្ត។
យោងតាមការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ បង្ហាញថា តំបន់មួយភាគធំនៃដងទន្លេមេគង្គក្រោមនឹងរងផលប៉ះពាល់នៃគ្រោះរាំងស្ងួតក្នុងសភាពកាន់តែធ្ងន់ធ្ងរឡើងចាប់ពីខែធ្នូ រហូតដល់ខែមករា ឆ្នាំ២០២០ ដោយនៅតាមតំបន់ជាច្រើននៃដងទន្លេមានភ្លៀងធ្លាក់តិចតួច ឬគ្មានភ្លៀង។

តំបន់ភាគខាងជើង និងតំបន់ឥសាននៃប្រទេសថៃ រួមមានខេត្តឈៀងម៉ៃ ឡឺយ ណុងបូឡាំភូ ឧដនថានី ខនកែន ឆាយ៉ាភូមិ សាកនណាខន ណាខនរ៉ាត់ឆាសីម៉ា បុរីរាំ មហាសារខាំ សុរិន និងស៊ីសាកេត ខណៈប្រទេសកម្ពុជា រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរៀប នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត។

ចំណែក តំបន់ភាគកណ្តាល និងខាងជើងនៃប្រទេសឡាវ រួមមានខេត្តវៀងចន្ទ សាយសូមបុណ្យ សាយ៉ាបូរី និងខេត្តលួងប្រាបាង ក៏នឹងរងផលប៉ះពាល់នេះផងដែរ ប៉ុន្តែតិចតួចជាង ខណៈមិនមានសញ្ញាបង្ហាញពីគ្រោះរាំងសូតនៅដែនដីសណ្តរមេគង្គនៃប្រទេសវៀតណាម ដែលលំហូរនៃទឹកប្រែអាចនឹងក្លាយជាបញ្ហាបង្កជាហានិភ័យខ្លះៗដល់ដំណាំកសិកម្ម។

បើតាមការឲ្យដឹងរបស់លោក មាស សុភក្រ្ត មន្ត្រីទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នថ្នាក់រដ្ឋមន្ត្រីខ្ពស់បំផុត នឹងជួបពិភាក្សាលើបញ្ហាគ្រោះរាំងស្ងួតនៅក្នុងជំនួបប្រចាំឆ្នាំ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីដាក់ចេញវិធានការចាំបាច់សម្រាប់ការកាត់បន្ថយគ្រោះហានិភ័យនឹងគ្រោះរាំងស្ងួតនេះ៕