កងយោធារុស្ស៊ី នឹងតួកគីចេញល្បាតរួមគ្នាលើកទី ៨ នៅក្នុងប្រទេសស៊ីរីភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩​ — គោលដៅនៃការល្បាតនេះ គឺដើម្បីឃ្លាំមើលស្ថានភាពនៃដំណោះស្រាយនៅក្នុងប្រទេសស៊ីរីឆ្ពោះទៅភាគខាងកើតពីកន្លែងត្រួតពិនិត្យគយនៅ Aylishar តាមបណ្តោយព្រំដែនស៊ីរី – តួកគី។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងយោធារុស្ស៊ី និងសេវាកម្មព្រំដែន តួកគី បានធ្វើការល្បាតរួមគ្នាលើកទី៨ របស់ពួកគេនៅក្នុងប្រទេសស៊ីរីភាគខាងជើង។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ចាប់      ផ្តើមនៅម៉ោង ១០:០៦នាទីព្រឹក ម៉ោងក្នុងស្រុក [08:06 GMT] ការល្បាតរួមគ្នារបស់កងយោធារុស្ស៊ី នឹងកងកម្លាំងប្រដាប់អាវុធតួកគីបានចាប់ផ្តើមប្រតិបត្តិការនៅតំបន់ព្រំដែនដែលមានទីតាំងស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រភាគខាងជើងពីទីក្រុង Kobane» ។

ការល្បាតរួមគ្នានេះរួមមានគ្រឿងបរិក្ខារយោធាចំនួន ៨គ្រឿង – ប្រទេសរុស្ស៊ីបានផ្តល់រថពាសដែក Tigr និង Typhoon រីឯប្រទេសតួកគីបានចូលរួមចំណែករថពាសដែក Kirpi ហើយភាគីទាំងពីរក៏មានកងទ័ពចូលរួមចំនួន ៥០នាក់ផងដែរ។ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីឈ្មោះ Orlan-10 បានត្រួតពិនិត្យចលនារបស់ជួរឈរក្នុងពេលវេលាជាក់ស្តែង។

ទីក្រុង Kobane ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Ayn al-Arab គឺជាមជ្ឈមណ្ឌលមួយនៃមជ្ឈមណ្ឌលស្វ័យភាពឃឺដ ដែលប្រកាសខ្លួនឯងនៅភាគខាងជើងនៃប្រទេសស៊ីរី។ យោធាអាម៉េរិកបានចាកចេញពីមូលដ្ឋាននៅជិតទីក្រុង Kobane បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការសន្តិភាពនៅតួកគី។ បន្ទាប់ពីកិច្ចចរចាជាមួយពួកឃឺដ កងទ័ពស៊ីរីបានចូលទៅក្នុងទីក្រុង Kobane។

កាលពីថ្ងៃទី២២ ខែតុលា តួកគី និងរុស្ស៊ីបានបញ្ចប់អនុស្សារណៈដែលចែងអំពីលក្ខខណ្ឌសម្រាប់ការដកកងកម្លាំងឃឺដ ដោយសន្តិវិធីទៅកាន់ចម្ងាយ ១៨,៦ម៉ាយពីព្រំដែនតួកគី។ ឯកសារទាំង ១០ ចំណុច ផ្តោតទៅលើបេសកកម្មល្បាតរួមគ្នាជាទៀងទាត់ ដើម្បីធានាបាននូវការអនុវត្តកិច្ចព្រមព្រៀងនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)