កូរ៉េខាងជើងបដិសេធកិច្ចចរចានុយក្លេអ៊ែរ មុនពេលសហរដ្ឋអាមេរិក ដកគោលនយោបាយអរិភាព

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — កូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនគ្មានការចាប់អារម្មណ៍ក្នុងកិច្ចចរចា​អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេ ដរាបណាទីក្រុងវ៉ាស៊ីនតោនទម្លាក់ចោលនូវ​គោល​នយោបាយ «អរិភាព» របស់ខ្លួន។

លោក គីម យ៉ុង-ចុល (Kim Yong-chol) ដែលធ្លាប់ដឹកនាំការចរចាជាសមភាគីរដ្ឋមន្រ្តី​ក្រសួងការបរទេស​សហរដ្ឋអាមេរិកលោក Mike Pompeo បានចេញសេចក្តីថ្លែងការណ៍​ជាការឆ្លើយតបនឹងសេចក្តីសម្រេចកាលពីថ្ងៃអាទិត្យរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ក្នុងការ​ពន្យារសមយុទ្ធយោធា ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតក្នុងការរំសាយអាវុធនុយ​ក្លេអ៊ែរខាងជើង។

លោក គីម ជាអនុប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករ​កំពុងកាន់​អំណាច​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើ​ឡើងដោយទីភ្នាក់ងារ​សារ​ព័ត៌មានកណ្តាល​កូរ៉េខាងជើង(KCNA)ថា « អ្វីដែលយើងកំពុងទាមទារពីសហរដ្ឋអាមេរិក គឺថា ​ខ្លួនត្រូវដក​ខ្លួនចេញពីសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង ឬបញ្ឈប់សមយុទ្ធទាំង​ស្រុង »។

លោកបាននិយាយថា «ការពន្យារសមយុទ្ធយោធារួមបញ្ចូលគ្នាមិនធានានូវសន្តិភាព​និងសន្តិសុខនៅឧបទ្វីបកូរ៉េទេ ហើយក៏មិនជួយដល់កិច្ចប្រឹងប្រែងការទូត​ដើម្បីដោះស្រាយ​បញ្ហានោះដែរ » ។

មុនពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បាន​ហៅការសម្រេចនេះថា ជាសុច្ឆន្ទៈ នឹងបានជំរុញឱ្យកូរ៉េខាងជើងវិលត្រឡប់ទៅរកកិច្ច​ពិភាក្សា​នុយ​ក្លេអ៊ែរ​ឡើង​វិញ ​ដោយមិនស្ទាក់ស្ទើរ។

សេចក្តីថ្លែងការណ៍របស់លោក គីម បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្រ្តី​កូរ៉េខាងជើងម្នាក់ទៀត គឺលោក Kim Kye-gwan បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះដែរ ​ដោយនិយាយថា ទីក្រុងព្យុងយ៉ាងលែងចាប់អារម្មណ៍នឹងកិច្ចពិភាក្សា ​ដែលមិននាំមកនូវអ្វីមក​ដល់​យើងនោះទេ។

ទីប្រឹក្សាក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ដែលធ្វើឡើងដោយ KCNA ថា ដោយសារយើងគ្មានទទួល​បានអ្វីមកវិញ យើងនឹងលែង​ផ្តល់អំណោយដល់ប្រធានាធិបតីអាម៉េរិក ជាមួយអ្វីដែលគាត់​អាចអួត​បាន ​ប៉ុន្តែការទទួល​បានសំណងសម្រាប់ជាជោគជ័យដែលប្រធានាធិបតី Trump មាន​មោទនភាពចំពោះ​សមិទ្ធិ​ផល​រដ្ឋបាលរបស់គាត់នោះវិញទេ។

ទីក្រុងព្យុងយ៉ាងបានព្រមានថា ខ្លួននឹងស្វែងរកមធ្យោបាយថ្មីណាមួយ លើកលែងតែ​ទីក្រុង ​វ៉ាស៊ីនតោន នឹងទទួលបានសំណើដែលអាចទទួលយកបាននៅចុងឆ្នាំនេះ។

កូរ៉េខាងជើងបានគាំទ្រកិច្ចព្រមព្រៀងតូចមួយ ដែលខ្លួននឹងទទួលបានការបន្ធូរបន្ថយ​ទណ្ឌកម្ម​ និងការធានាសន្តិសុខជាថ្នូរនឹងជំហាននុយក្លេអ៊ែរនីមួយៗ។

លោក Trump បានទទូចដល់លោក គីម កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឱ្យចាត់​វិធានការឱ្យបានឆាប់រហ័ស នឹងធ្វើឱ្យសម្រេចកិច្ចព្រមព្រៀង៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)