AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ — កាលពីថ្ងៃចន្ទ អតីតប្រេសិតនុយក្លេអ៊ែរនៃប្រទេសកុម្មុយនិស្តកូរ៉េខាងជើងបាននិយាយថា ប្រទេស កូរ៉េខាងជើងលែងចាប់អារម្មណ៍ចំពោះកិច្ចប្រជុំកំពូលណាមួយទៀតជាមួយសហរដ្ឋអាមេរិកដែលនឹង «មិនបាននាំមកនូវអ្វីទាំងអស់» នោះទេ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោល «គោលនយោបាយអរិភាព» ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
លោក Kim Kye-gwan បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការបរទេសកូរ៉េខាងជើងបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ដែលបាននិយាយថា លោកយល់នូវការចង់បានថ្មីៗនេះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់- ត្រាំ ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការផ្តល់យោបល់សម្រាប់កិច្ចប្រជុំកំពូលមួយទៀត។
កាលពីថ្ងៃអាទិត្យ លោក Trump បានទទូចដល់មេដឹកនាំកូរ៉េខាងជើងឱ្យ «ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស» និងឈានដល់កិច្ចព្រមព្រៀងជាមួយលោក ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបនេះ ដោយបានបន្ថែមថា «ជួបគ្នាឆាប់ៗនេះ!» ។
ទីប្រឹក្សារូបនេះបាននិយាយថា លោក Trump និងលោក គីម បានជួបគ្នាបីដងរួចមកហើយចាប់តាំងពីខែមិថុនា ឆ្នាំមុន ប៉ុន្តែមានការរីកចម្រើនដ៏តិចតួចនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា ធ្វើឱ្យវាមើលទៅហាក់ដូចជាមានការរីកចម្រើននៅក្នុងបញ្ហាឧបទ្វីបកូរ៉េក្នុងការប៉ុនប៉ងទិញពេលវេលា។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងលែងចាប់អារម្មណ៍នឹងកិច្ចពិភាក្សាបែបនេះទៀតហើយ ដោយសារមិនបាននាំមកនូវអ្វីសម្រាប់យើងទេ»។ «ដោយសារយើងគ្មានទទួលបានអ្វីត្រឡប់មកវិញ យើងនឹងលែងផ្តល់អំណោយដល់ប្រធានាធិបតីសហរដ្ឋអាមេរិកជាមួយនឹងអ្វីដែលគាត់អាចអួតបាន ប៉ុន្តែនឹងទទួលបានសំណងសម្រាប់ជោគជ័យដែលប្រធានាធិបតីអាម៉េរិក លោក Trump មានមោទនភាពចំពោះសមិទ្ធិផលរដ្ឋបាលរបស់គាត់»។
លោក គីម បានបន្ថែមថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលនូវគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើខ្លួនពិតជាចង់រក្សាកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។
«ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់បន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើងមែននោះ វាគួរតែមានការសម្រេចចិត្តដ៏មុតមាំក្នុងការបោះបង់ចោលនូវគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង»៕
(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)