វិនិយោគិនចិនមកពីខេត្តយូណាន គ្រោងបោះទុន១៣០០លានដុល្លារ ដើម្បីវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៩ ១១ ២០១៩  ៖

ក្រុមវិនិយោគិនចិន មកពីខេត្តយូណាន បានអះអាងប្រាប់ប្រមុខការទូតកម្ពុជាថា ពួកគេមានគម្រោងបោះទុនប្រមាណ១៣០០លានដុល្លារអាមេរិក ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ បន្ទាប់ពីមើលឃើញពីស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ប្រសើរនៅកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ទូ ជិនហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តយូណាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា នៅស្ដីការក្រសួងការបរទេស ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ក្រុមធុរកិច្ចជនចិនមកពីខេត្តយូណាន នឹងចុះហត្ថលេខាជាមួយធុរកិច្ចជនកម្ពុជា ក្នុងទឹកប្រាក់ ១៣០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើផ្នែក ឧស្សាហកម្ម កសិកម្ម គ្រឿងយន្ដឧស្សាហកម្ម គ្រឿងយន្ដកសិកម្ម និងវិស័យផ្សេងៗទៀត។

អ្នកនាំពាក្យដដែល បន្ថែមថា ឯកឧត្តម ជិនហោ ដែលជាអភិបាលខេត្តយូណានបានបញ្ជាក់ថា ខេត្តយូណាន គឺជាខេត្តមួយស្ថិតនៅភាគកណ្តាលប្រទេសចិន ដែលមានប្រជាជនប្រមាណ ៧៣លាននាក់ ប៉ុន្តែផលទុនសរុបក្នុងខេត្តនោះ (GDP) មានប្រមាណជា ៥៥០០លានដុល្លារអាមេរិក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះគម្រោងវិនិយោគដែលមានទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ។ ឯកឧត្តម មានប្រសាសន៍ថា ការវិនិយោគដ៏ធំនេះ នឹងជំរុញឲ្យប្រទេសទាំងពីរ កាន់តែមានសក្តានុពល លើទំហំពាណិជ្ជកម្មកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជានិងចិន កាលពីនៅឆ្នាំ២០១៨កន្លងទៅ មានទឹកប្រាក់សរុបចំនួន ៦៦០០លានដុល្លារអាមេរិក ខណៈទឹកប្រាក់វិនិយោគពីប្រទេសចិន គិតត្រឹមឆ្នាំដូចគ្នានេះ មានទំហំ៣៥៩៤លានដុល្លារ៕