វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងទេសចរណ៍សហការជាមួយក្រសួងពាក់ព័ន្ធពន្លឿនការកំណត់តំបន់អេកូទេសចរណ៍ជាអាទិភាពនៅទូទាំងប្រទេសដើម្បីធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ជាតិនៅឱ្យកាន់តែល្អប្រសើ។
ក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់អេកូទេសចរណ៍អាទិភាព រួម មានតំបន់ភូមិភាគឥសាន្ត តំបន់បឹងទន្លេសាប និងទន្លេមេគង្គ តំបន់ឆ្នេរសមុទ្រ តំបន់ជួរភ្នំក្រវ៉ាញ តំបន់ជួរភ្នំដងរែក រួមជាមួយតំបន់អភិរក្សនានា ដែលត្រូវធានាកិច្ចការពារធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងសហគមន៍នៅទីនោះ ក្រោមទស្សនទាន “ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ”។
ជាមួយគ្នានោះ សម្តេចក្រឡាហោម បានស្នើឱ្យមានការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ក៏ដូចជាពង្រឹងសមត្ថភាពសហគមន៍ដែលមានស្រាប់ តាមរយៈការបង្កលក្ខណៈងាយស្រួល ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ដោយក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានីខេត្ត ត្រូវជួយសហគមន៍ទាំងនោះទៅតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួន។
ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រនិងទទួលយកអនុសាសន៍នេះដើម្បីអនុវត្តន៍ដោយ ក្រុមការងារអន្តរក្រសួងកំពុងសិក្សាស្រាវជ្រាវ ហ្មតចត់ ដើម្បីកំណត់សហគមន៍ទាំងឡាយណាដែលអាចបញ្ចូលសកម្មភាពទេសចរណ៍នាំមកនូវប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា បច្ចុប្បន្នមានសហគមន៍ប្រមាណជាង២៣០០ កន្លែង ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបើគិតជារួមក្នុងចំណោមសហគមន៍ទេសចរណ៍ទាំង ២៣០០ កន្លែង មានតែ ១២៥ កន្លែងប៉ុណ្ណោះ ដែលកំពុងមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងនោះសហគមន៍ដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍មានចំនួន ៧៩ កន្លែង៕