ក្រសួងទេសចរណ៍បើកវេទិកាជាតិអេកូទេសចរណ៍លើកទី១និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ក្រសួងទេសចរណ៍បើកវេទិកាជាតិអេកូទេសចរណ៍លើកទី១និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិប្រកបដោយភាពទាក់ទាញ។

វេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍នេះធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្ត ក្រុមការងារអន្តរក្រសួង អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៥៥០នាក់។

ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា វេទិកាជាតិលើកទី១នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ វេទិកានេះគឺជាការជួបជុំថ្នាក់ជាតិដ៏ធំជាលើកដំបូងរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលនឹងរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលយកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗក្នុងវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។

សម្តេចក្រឡា​ហោម ស ខេង បានចាត់ទុកថា វេទិការនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការបើកឱកាសឱ្យអ្នកពាក់ព័ន្ធបានជួបប្រជុំគ្នាដើម្បីស្វែងរកគន្លឹះថ្មីៗក្នុងការអភិវឌ្ឍវិស័យណ៍ទេសចរឱ្យកាន់តែរីកចំរើន។ អង្គវេទិកាក៏មានរៀបចំជាពិព័រណ៍ខ្នាតតូចស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅខាងក្រៅសាលប្រជុំ ហើយនៅចុងបញ្ចប់នៃវេទិកានេះ នឹងមានចេញជាសេចក្តីថ្លែងការណ៍មួយស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ៕