អាស៊ាន និងបណ្តាដៃគូស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩​ — បណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន និងសមភាគីរបស់ពួកគេមកពីប្រទេសចិន ជប៉ុន និងសហរដ្ឋ អាមេរិក បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងបាងកក ប្រទេសថៃ។

រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានបញ្ជាក់ថា ជប៉ុនគាំទ្រតួនាទីស្នូលរបស់ អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ នឹងចង់ទាញយកឱកាសធ្វើសហប្រតិបត្តិការថែមទៀតប្រកបដោយប្រសិទ្ធភាពជាមួយប្លុកនេះដោយផ្អែកលើតម្រូវការរបស់ភាគីនីមួយៗ។

ប្រទេសជប៉ុនសន្យាជួយអាស៊ានក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ជាពិសេសផ្នែកបច្ចេកវិទ្យា។ ប្រទេសរបស់លោកនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដោយឈរលើមូលដ្ឋាន «ចក្ខុវិស័យវៀងចន្ទន៍»។

រដ្ឋមន្រ្តីការពារជាតិអាស៊ាន បានគូសបញ្ជាក់អំពីការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យជាច្រើនរវាងក្រុមប្រទេសនេះ និងជប៉ុនក្នុងពេលថ្មីៗនេះ ខណៈដែលមានការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រពីភាគីជប៉ុនដែលបានរក្សាតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe បានបញ្ជាក់ថា ប្រទេសរបស់លោកឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដោយលោកបាននិយាយថា ទំនាក់ទំនងការពារជាតិរវាងភាគីទាំងពីរកំពុងមានការរីកចម្រើន។

រដ្ឋមន្រ្តីការពារជាតិអាស៊ានបានកត់សម្គាល់អំពីលទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន – ចិន ដោយជាក់ស្តែងបានចូលរួមចំណែកក្នុងការកសាងទំនុកចិត្តរវាងភាគីទាំងពីរ ដោយលើកយកឧទាហរណ៍នៃសមយុទ្ធសមុទ្រអាស៊ាន – ចិន ឆ្នាំ២០១៨ និងការផ្លាស់ប្តូរជាមិត្តភាពគ្នារវាងមន្រ្តីយោធា វ័យកណ្តាល និងវ័យក្មេងរវាងចិន – អាស៊ានក្នងឆ្នាំ ២០១៩។

ពួកគេក៏បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចចរចា ស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។

នៅក្នុងជំនួបក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark T. Esper មន្ត្រីការពារជាតិអាស៊ានបានសាទរចំពោះការចូលរួមយ៉ាងសកម្ម របស់សហរដ្ឋអាមេរិកនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ានជាពិសេស ADMM ។ ពួកគេបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយអាស៊ានក្នុងរយៈពេលកន្លងមក ហើយបានវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រកបដោយជោគជ័យនៃសមយុទ្ធសមុទ្រអាស៊ាន – សហរដ្ឋអាមេរិកជាលើកដំបូងនៅឆ្នាំ ២០១៩ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)