ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ដើម្បីឲ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំ ចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពសង្គមជាមុន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីឲ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំ ចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពសង្គមជាតិជាមុនសិន។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ សម្តេចតេជោ បន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា    សម្តេច សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន សូមបន្តធ្វើ កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកលនានា រួមមាន ភាពជ្រុលនិយមនិងចលនាជ្រុលនិយម ការគាំពារនិយម និងឯកតោនិយម ការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញ ដូរមនុស្ស ការគំរាមសន្តិសុខតាមប្រពន្ធ័អ៊ីនធ័រណែត និងវិសមភាពសង្គម សេដ្ឋកិច្ច រួមទាំង វិសមភាពយេនឌ័រ។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តារឡើងវិញនូវប្រពន្ធ័ពហុភាគីអន្តរជាតិ។