សម្តេចតេជោហ៊ុនសែនជួបសំណេះសំណាលជាមួយប្រតិភូកីឡាSEA Games លេីកទី៣០ នៅប្រទេសហ្វីលីពីន

វិទ្យុជាតិកម្ពុជា៖ លោក ជៀង យ៉ារ៉េត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាកម្ពុជាចំនួន៤០០នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាSEA Games លេីកទី៣០នៅប្រទេសហ្វីលីពីននៅវិមានសន្តិភាព។
តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯ.ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យដឹងថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាដែលមានថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន៣១ ប្រភេទកីឡាសរុបមានចំនួន៤៤៧នាក់ ក្នុងនោះអត្តពលិកមានចំនួន២៨៩នាក់ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីនចាប់ ពីថ្ងៃទី៣០ វិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូឆ្នាំ ២០១៩។
កីឡាទាំង ៣១ ប្រភេទ នោះមាន កីឡាបាល់ ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូន គោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង(Kick-Boxing),អ៊ីស្ពត (E-Sports) ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និង កីឡាចំបាប់ ។
បើតាមឯកឧត្តម វាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មដឹកនាំប្រតិភូកីឡាកម្ពុជាឲ្យដឹងនោះថា នៅក្នុងចំណោម៣១ប្រភេទកីឡានោះ កម្ពុជាមានជំនឿចិត្តលើជាង១០ប្រភេទកីឡាដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ ,ការ៉ាតេ និងសូហ្វតឺនីស្តជាដើម។
សូមបញ្ជាក់ថា កាលស៊ីហ្គេមលើកទី២៩ ឆ្នាំ ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយដណ្ដើមបានមេដាយមាស៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ៕