ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃប្រេងឥន្ធនៈ ៣៧០០រៀល ក្នុង១លីត្រ រហូតដំណាច់ខែនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី

MC៖ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសាំងធម្មតាតម្លៃ ៣៧០០រៀលក្នុង១លីត្រ និងម៉ាស៊ូត៣៤៥០រៀលក្នុង១លីត្រ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ធ្វើឡើងអាស្រ័យលើតម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ។
ក្រសួងដដែល បានឲ្យដឹងទៀតថា តម្លៃប្រេងឥន្ធនៈនេះ បានបញ្ចុះតម្លៃចំនួន ១៦០រៀល ក្នុង១លីត្រ ដោយសាររាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មតាមរយៈការកំណត់ថ្លៃ ឲ្យបណ្ដាស្ថានីយនានាទូទាំងប្រទេស ក្នុងការលក់ចេញ ដោយក្នុងនោះមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែនិងថាមព ដើម្បីកុំឲ្យអ្នកផ្គត់ផ្គង់យកលេសថាសាំងអន្តរជាតិថ្លៃ ហើយកំណត់តម្លៃតាមតែចិត្តខ្លួនឯង។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភធនជិត ៨៣លានដុល្លារ ក្នុង១ឆ្នាំៗដើម្បីទប់កុំឲ្យថ្លៃសាំងឡើងថ្លៃនេះ ដោយភាគីរដ្ឋជួយចេញ ចំនួន១៦០រៀល និងពីភាគីស្ថានីយប្រេងនានាចេញចំនួន ១៦០រៀល ផងដែរ៕