​កម្ពុជាទទួលបានថវិកាចំនួន១០លានដុល្លារសម្រាប់អនុវត្តគម្រោងសុវត្ថិភាពអនាម័យនៅជនបទ

MC:    ​កម្ពុជាទទួលបានថវិកាចំនួន១០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសុវត្ថិភាពអនាម័យនៅតាមជនបទ ដើម្បីលុបបំបាត់អត្រានៃការបន្ទោរបង់ពាសវាលពាសកាល និងចូលរួម​ពន្លឿន​​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចអនាម័យជាសកល។

លោកស្រី វីណា រ៉េដឌី (Veena Reddy) នាយកបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គម្រោងនេះនឹងជួយ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងខេត្តចំនួន៦មានដូចជា ស្វាយរៀង កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប និងឧត្តរមានជ័យ ឲ្យទទួលបាននូវបង្គន់អនាម័យ និងទឹកស្អាត ដែលនាំមកនូវអនាម័យប្រកបដោយសុវត្តិភាពតាមរយៈការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ព្រមទាំងជួយកាត់បន្ថយ​ជំងឺក្រិនរបស់កុមារ និងការពារនៃការរីករាលដាលនៃជំងឺឆ្លង និងការចម្លងរោគតាមទឹក។

ប្រាប់វិទ្យុជាតិកម្ពុជា តាមរយៈសារអេឡិចត្រូនិក(E-mail) លោកស្រីបានបញ្ជាក់ថា គម្រោងនេះជួយគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនាឆ្នាំ២០២៥ ពោលគឺ ៥ឆ្នាំខាងមុខ ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ដែលធានាដល់ការលើកកម្ពស់សុខភាពសហគមន៍ជនបទ ជាពិសេសសម្រាប់កុមារ។

លោកស្រី លីស អែលលីស (Liz Ellis) ប្រធាននាយកប្រតិបត្តិអង្គការ IDE​ កម្ពុជា បានឲ្យដឹងថា គម្រោងនេះ នឹងប្រែក្លាយភូមិចំនួន១.៦០០ភូមិ ធ្វើជាគំរូនៃចលករផ្លាស់ប្តូរបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

ដូចគ្នានេះ លោក ផល ហ្គាន់ឆ្អិនសិន (Paul Gunstensen)_នាយកគម្រោងអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យជនបទរបស់មូលនិធិគ្រួសារត្រកូលស្តូន (ស្តូនហ្វានដេសិន) ដែលបានចាប់ផ្តើមបើកឲ្យដំណើរការនូវគំនិតផ្តួចផ្តើមទាំងនេះ ជាមួយ USAID និងអង្គការ IDE​ កម្ពុជា មានប្រសាសន៍ថា លទ្ធផលនៃហិរញ្ញប្បទាននេះ ជាការប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវអនាម័យ ដើម្បីធានាថាមនុស្សទាំងអស់ទទួលបានអត្ថប្រយោជន៍ឆ្ពោះទៅសម្រេចអនាម័យដ៏ល្អបានទាំងស្រុង។

សូមបញ្ជាក់ថា គម្រោងអនាម័យនៅជនបទនេះ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសហការ​​ជាមួយ​អង្គការ​ដៃគូពាក់ព័ន្ធ ដើម្បីចលនាឲ្យប្រជាពលរដ្ឋនៅទីជនបទងាកទៅប្រើប្រាស់បង្គន់​​អនាម័យឲ្យ​បាន​គ្រប់ផ្ទះ ខណៈក្នុងផែនការជំរុញឲ្យ​​ជន​បទមាន​អនាម័យ និងទឹកស្អាត​ ចំនួន​១០០ភាគ​រយ នៅត្រឹមឆ្នាំ២០២៥ បន្ទាប់ពីតួលេខ​នៃការប្រើប្រាស់​បង្គន់​អនាម័យ​នៅ​កម្ពុជា មាន​ចំនួន​តិចជាងគេ ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​៕

អត្ថបទ៖ វ៉ាង ភក្តី ១៨ ១១ ២០១៩