ព្រឹទ្ធសភា គាំទ្រលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជានិងវៀតណាម

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ព្រឹទ្ធសភា បានគាំទ្រលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅកំណត់ទឹកដីនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពច្បាស់លាស់។

ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា អះអាងថា សមាជិកព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម លើសំឡេង៥៣នៃសមាជិកព្រឹទ្ធសភាទាំងមូល។
ការសំរេចនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
ឯកឧត្ដម ម៉ម ប៊ុននាង បានបញ្ជាក់ថា សន្ធិសញ្ញានេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្ដដ៏មានសារៈសំខាន់បំផុត ក្នុងការទទួលយកសមិទ្ធផលដែលប្រទេសទាំងពីរ សម្រេចបានរហូតមកដល់បច្ចុប្បន្នបាន៨៤%ហើយ ហើយក៏ជាឯកសារគ្រឹះការពារបាននូវបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវព្រំដែនមានសន្ដិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ដរវាងប្រជាជនកម្ពុជា និងវៀតណាមតរៀងទៅផងដែរ ។
ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានមានប្រសាសន៍ថា សន្ធិសញ្ញានេះ មានគោលបំណង និងផលប្រយោជន៍ ដើម្បីរក្សាការគ្រប់គ្រងលើដីធ្លី ស្រែចម្ការរបស់ប្រជាជន ដែលបាននឹងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថិរភាពជីវភាពរបស់ប្រជាជន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់អភិវឌ្ឍន៍ សន្ដិភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ត្រូវបានរដ្ឋសភា កម្ពុជា អនុម័តយល់ព្រមចំនួន ១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦៕